ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អាជ្ញាធរខណ្ឌពោធិសែនជ័យដាក់គ្រឿងចក្រចុះទៅវាយរបងស្ថានីយ៍ប្រេងមួយកន្លែងឈ្មោះតាងួន នៅក្នុងភូមិតាងួន២នៅសង្កាត់កកាប១ដើម្បីពង្រីកផ្លូវឱ្យធំផងនិងកាយបើកមុខទឹកឱ្យធំបញ្ជៀសការជន់លិចជំនន់ទឹកភ្លៀងដែលគំរាមកំហែង ដល់អ្នកភូមិជាច្រើនគ្រួសារជាប្រចាំ នៅសង្កាត់កកាប១ ខណ្ឌពោធិ៍សែនជ័យ។ ជាក់ស្ដែងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យដឹកនាំផ្ទាល់ដោយលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ និងលោក សេង គន្ធ អភិបាលរងខណ្ឌ ក្រោយពីបានចុះទៅពិនិត្យ មើលទឹកលិចផ្លូវ និងភូមិដ្ឋានប្រជាពលរដ្ឋ។
មន្ត្រីរដ្ឋបាលខណ្ឌពោធិសែនជ័យបានឱ្យដឹងថា៖មូលហេតុដែលដាក់គ្រឿងចក្រទៅវាយរបងស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ខាងលើនាពេលនេះគឺដើម្បីពង្រីកផ្លូវដែលមានសភាព តូចចង្អៀត បង្កការលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរ ឆ្លងកាត់អស់រយៈពេល ជាច្រើនឆ្នាំមកហើយនោះ។មន្ត្រីសាលាខណ្ឌបានឲ្យដឹងទៀតថា នៅក្នុងភូមិតាងួន២ បានទទួលរងនូវការលិចលង់ ដោយសារទឹកជំនន់ទឹកភ្លៀង ជាច្រើនថ្ងៃមកហើយ ទាំងភូមិដ្ឋានប្រជាពលរដ្ឋ និងផ្លូវថ្នល់នៅក្នុងភូមិផងដែរ ដែលបានបង្កឲ្យប្រជាពលរដ្ឋជួបនូវការលំបាក។ការវាយរបងស្ថានីយ៍ប្រេងខាងលើនេះកាយពង្រីកផ្លូវរំដោះទឹកចេញ ឬសិក្សាដើម្បីរៀបចំប្រព័ន្ធលូបង្ហូរទឹកជាដើម ព្រោះនៅចំណុចនោះឲ្យតែមានភ្លៀងធ្លាក់ម្ដងៗ តែងតែទទួលរងនូវការលិចលង់បែបនេះរហូត ហើយនេះគឺជាការគិតគូមួយពីសំណាក់អាជ្ញាធរ ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលកំពុងជួបការលំបាក។
មន្ត្រីបន្តថា៖ដោយរបងស្ថានីយ៍ប្រេងខាងលើនេះធ្វើឱ្យផ្លូវត្រង់ចំណុចនេះ មានភាពតូចចង្អៀតត្រឹមតែ៥ទៅ៦ម៉ែត្រប៉ុណ្ណោះ ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាក ក្នុងការធ្វើដំណើរទៅមក និងតែតែរអ៊ូរទាំពីការលំបាកនោះ ប៉ុន្តែនៅពេលនេះដោយសារមានការឯកភាពពីសំណាក់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈខាងលើ ទើបលោកអភិបាលខណ្ឌ សម្រេចដឹកនាំកម្លាំងដាក់គ្រឿងចក្រវាយរបងចាស់នោះចោលពង្រីកផ្លូវឲ្យធំដល់ជិត១០ម៉ែត្រ ដើម្បីឲ្យសមស្របទៅតាមកំណើនប្រជាពលរដ្ឋ និងយានយន្តដ៏សម្បូរបែបនាពេលបច្ចុប្បន្ននេះ និងក្នុងពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមដំបូលសុខសន្តិភាព និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕