ខេត្តកំពង់ឆ្នាំង៖ រថយន្តយីឌុប ឃ្លុបកុងទឺន័រ២គ្រឿង ដឹកប្រភេទប្រហិតពីប្រទេសថៃឆ្លងមកកម្ពុជាតាមច្រក អូររំដួល ឋិតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបងត្រូវបានកម្លាំងគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ និងមានហានិភ័យ នៃក្រសួងមហាផ្ទៃចាប់ឃាត់ កាលពីម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុង- ខេត្តកំពង់ឆ្នាំង ព្រោះការដឹកសាច់ក្រកប្រហិតនាំចូលពីទឹកដីថៃ គ្មានលិខិតអនុញ្ញាតិអ្វីឡើយ ។រថយន្តយីឌុបទាំងពីរគ្រឿង មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៍ស កន្ទុយកុងទឺន័រពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ3D-6113 និងមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៍ប្រផេះ កន្ទុយពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ3D-4087។
អ្នកបើកបរ២រូប ទី១-ឈ្មោះ សេង ធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ២-ឈ្មោះ នេត សូរិយ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ បានអោយសមត្តកិច្ចដឹងថា៖ ពួកគាត់ជាអ្នកស៊ី ឈ្នួលបើកបរ យកកម្រៃកម្លាំងពលកម្មមួយជើង ពី១៥ម៉ឹនរៀល ទៅ២២ម៉ឹនរៀល បូកជាមួយសោហ៊ុយបាយទឹក។អ្នកបើកបរ អះអាងថា៖ ប្រហិតទាំងនេះបានយកទៅស្តុកទុកនៅម្តុំផ្លូវ៥៩៨ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញរួច បន្តចែកចាយតាមបណ្តាផ្សារនៅរាជធានីភ្នំពេញ និងផ្សារទំនើបៗដូចជា ផ្សារអ៊ីអន ផ្សារឡាក់គីជាដើម។ល។
នៅរសៀល ថ្ងៃដដែលគណៈកម្មការចម្រុះរួមខាងកម្លាំងគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ និងមានហានិភ័យ ខាងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ខាងកាំកុងត្រូល ពេទ្យសត្វ និងមានការសម្របសម្រួលការងារពីលោកតំណាងអយ្យការសាលាដំបូងខេត្ត កំពង់ឆ្នាំងក៏បានរៀបចំព្រួតពិនិត្យរួមគ្នានៅក្នុងបរិវេណមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត។
គេកំពុងឆ្ងល់ថាឈ្មួញណាអីក៏ថ្លើមធំហ៊ានដឹកប្រហិតគ្មានលិខិតអនុញ្ញាតិដែល ងាយនិងបង្កហានិភ័យខ្ពស់ដល់សុខភាពប្រជាពលរដ្ឋទាំងឡានកុងតឺនឺរ័ចឹង?
តើមន្ត្រីមានសមត្តកិច្ចគ្រប់ស្ថាប័នមានគយកាំកុងត្រូលនៅច្រកអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ធើការអីបានជាបណ្តោយឲ្យមានការនាំចូលទំនិញដោយគ្មានលិខិតស្នាមគ្មានការត្រួតពិនិត្យពីជំនាញ ចឹង។គិតទៅអាឈ្មួញនេះថ្លើមដុះមមិសហ្ម៉ងឬក៏មានការឃុបឃឹតពុករលួយ?!!!។ចាំមើលថារកឃើញអ្នកទទួលខុសត្រូវទេ?៕