រាជធានីភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវជាបន្ទាន់ដល់ប្រជាពលរដ្ឋទូទាំងប្រទេស បញ្ឈប់ការបរិភោគសាច់ឆៅ ឬចម្អិន មិនឆ្អិនល្អ ដើម្បី បង្ការជំងឺដង្កូវព្រូនទ្រីស៊ីណែឡា ខណដែលប្រភេទជំងឺនេះ អាចឲ្យមនុស្សស្លាប់ ក្នុងរយៈពេល ដ៏ខ្លី។
តាមរយៈសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអំពាវនាវឲ្យពលរដ្ឋបញ្ឈប់ការរិភោគសាច់ឆៅ បន្ទាប់ពីក្រសួងបានរកឃើញ ពងដង្កូវព្រូន ទ្រីស៊ីណែឡា នៅក្នុងសាច់សត្វឆៅ ក្រោយពេលដែលប្រជាពលរដ្ឋ បានបរិភោគ កាលពីអំឡុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ ហើយបណ្ដាលឲ្យមនុស្ស៨នាក់ បានស្លាប់។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា មានប្រជាពលរដ្ឋរស់នៅភូមិច្រកគោល ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានបរិភោគសាច់សត្វព្រៃប្រហែលជា ៣ ទៅ៤សបា្ដហ៍ មុនពួកគាត់ឈឺ ហើយអ្នកឈឺ មានរោគសញ្ញា ដូចជា៖ គ្រុនក្ដៅ រាកក្អួត ឈឺសាច់ដុំ អស់កម្លាំង ហើមដៃហើមជើង និងឈឺសន្លាក់។ អាការៈរោគនេះ ចាប់ផ្ដើម តាំងពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ម្លេះ រហូតមកដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌ ករណីដដែលបានបន្តកើតមានចំនួន ៣៣ ករណី ក្នុងនោះបានបណ្តាលឲ្យស្លាប់មនុស្សចំនួន៨នាក់។
ក្នុងចំណោមអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ដកំពង់ធំ មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យកេតុមាលា ក្រុមគ្រូពេទ្យ បានយកសំណាក កោសិកា សាច់ដុំ ដើមដៃ អ្នកជំងឺ ៣នាក់ និងឈាម អ្នកជំងឺ ៩នាក់ ទៅវិភាគ ក្នុងនោះសំណាកអ្នកជំងឺ ៣នាក់ ត្រូវបានរកឃើញ ដង្កូវព្រូន ទ្រីស៊ីណែឡា នៅក្នុងសាច់ដុំ៕