សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គយ​ខេត្តតាកែវ​៖ ទោះបីជា​មិន​នៅ​ធ្វើការ ក៏​គ្មាន​នរណា​ហ៊ាន​បើក​រថយន្ត​ហួស​នោះដែរ​

គយ​ខេត្តតាកែវ​៖ ទោះបីជា​មិន​នៅ​ធ្វើការ ក៏​គ្មាន​នរណា​ហ៊ាន​បើក​រថយន្ត​ហួស​នោះដែរ​

ខេត្តតាកែវ​៖ រថយន្ត​តូច ធំ ដឹក​ទំនិញ​គគ្រឹកគគ្រេង​គ្រប់​ប្រភេទ ទាំង​ទៅ​ប្រទេស​វៀតណាម និង​ត្រឡប់​ពី​វៀតណាម​មកវិញ ត្រូវ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ ដាច់ខាត​ត្រូវតែ​បង់​ប្រាក់​ឲ្យ​មន្ត្រី​គយ​ដែល​ឈរជើង​នៅ​ជាយក្រុង​តាកែវ ដោយ​មិន​អាច​លើកលែង ទោះបីជា​ទំនិញ​នោះ បង់ពន្ធ ឬក៏​គេចពន្ធ​ក៏ដោយ​។ មិនមែន​មាន​ទីកន្លែង​សម្រាប់​ឲ្យ​អ្នកដឹក ទំនិញ​បង់ពន្ធ​តែ​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​បាន​បោះ​ទីតាំង​ពីរ​កន្លែង​លើ​ផ្លូវជាតិ​លេខ​២​តែមួយ​។​

​មន្ត្រី​គយ​ចល័ត​ក្រោម​អំណាច​គ្រប់គ្រង​របស់​លោក លាង ម៉ុង បាន​បោះ​ទីតាំង​របៀប​ជា​កុងត្រូលជជុះ​មួយ​កន្លែង​ស្ថិត​នៅក្នុង​ឃុំ​គិរី​ចុង​កោះ ដែល​ស្ថិតនៅ​ជិត​ទីរួមស្រុក​គិរីវង់ និង​មួយ​កន្លែង​ទៀត​ស្ថិត​នៅក្នុង​ឃុំ​រកា​ក្នុង ក្រុង​ដូន​កែវ​។

​ទីតាំង​ទាំង​ពីរ​កន្លែង​នេះ ប្រៀប​ដូចជា​ហិប​មួយ​ដែល​អ្នករកស៊ី​ដឹក​ទំនិញ​ត្រូវ​យកប្រាក់​ទៅ​ទម្លាក់​ចូល​ក្នុង​ហិប​នោះ ដោយ​ខានមិនបាន​។ ប្រសិនបើ​អ្នក​រកស៊ី​ដឹក​ទំនិញ​ហ៊ាន​ល្មើស ប្រឈម​នឹង​ការចាប់​បង់​ផាកពិន័យ​ដែល​ជា​ហេតុ​បង្កឲ្យមាន​ការលំបាក​សម្រាប់ការ​រកស៊ី​ទៅ​ថ្ងៃមុខ​។​

​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២ ជាយ​ខាងលិច​ក្រុង​ដូន​កែវ មាន​ផ្ទះ​តៀម​មួយ​ខ្នង​ហាក់ដូចជា​ត្រូវបាន​គេបោះបង់​ចោល ដែល​ទីនេះ​ជា​ហិប​ប្រាក់​របស់​ក្រុមមន្ត្រី​គយ​នៅ​ខេត្តតាកែវ​មួយកន្លែង​។

​អ្នកផង​ដែល​មិនមែន​ជា​ឈ្មួញ​រកស៊ី​ដឹក​ទំនិញ ប្រទះ​ឃើញ​ផ្ទះ​តៀម​នេះ នឹកស្មានថា​ជា​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ប៉ុន្តែ​តាម​ការពិត​វា​ជា​ស្នាក់​ការ​របស់​មន្ត្រី​គយ សម្រាប់ឲ្យ​អ្នកជំនួញ​ដឹក​ទំនិញ​តាមរថយ​ន្តចូល​បង់ប្រាក់​។ វា​ជា​ខ្ទម​រខេករខាក​ពិតមែន ប៉ុន្តែ​អ្នក​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ត្រូវតែ​គោរព និង​បង់លុយ​ឲ្យ​ម្ចាស់ផ្ទះ​តៀម​នេះ​មិន​អាច​ខកខាន​បាន​មួយ​វេលា​ណា​ឡើយ​។​

​បណ្តាជន​អ្នក​ដឹកទំនិញ ឆ្លងកាត់​ទាំង​ទៅ ទាំង​មក ទោះ​ស្របច្បាប់ ឬ​មិន​ស្របច្បាប់​ត្រូវតែ​ដើរ​ចូល​ទៅក្នុង​ខ្ទម​រខេករខាក​នោះ​ដើម្បី​បង់​ប្រាក់​ឲ្យ​មន្ត្រី​គយ ដែល​ប្រចាំការ​នៅក្នុង​ខ្ទម​នោះ​។ បើ​មិន​បង់ប្រាក់​ទេ កិច្ចការ​រកស៊ី​ជំនួញ​របស់​ខ្លួន​ត្រូវ​ប្រឈម​នឹង​ការចាប់​ទុក ឬ​បំផ្លាញ​ទំនិញ​ចោល ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​។ ដូច្នេះ​អ្នក​ដឹក​ទំនិញ​ចេញ​ទៅ​ប្រទេស​វៀតណាម ក៏​ដូចជា​អ្នក​ដឹក​ទំនិញ​ត្រឡប់​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ភ្នំ​ដិន ចាំបាច់​ត្រូវតែ​បង់​ប្រាក់​ឲ្យ​អ្នកប្រចាំការ​ក្នុងផ្ទះ​តៀម​នោះ​។​

​អ្នកបើករថយន្ត​ដឹកទំនិញ រួម​ទាំង​ប្រេងសាំង​ផង បាន​ឈប់​ជា​បន្តបន្ទាប់​គ្នា រួច​បាន​ដើរចូល​ទៅក្នុង​ផ្ទះ​តៀម ដែល​មាន​ដំបូល​ប្រក់​សង្ក​សី រួម​ជាមួយ​ជញ្ជាំង​ដែល​មាន​បាំង​សង្ក​សី​ចាស់ៗ ដើម្បី​បង់​លុយ​ឲ្យ​មន្ត្រី​គយ​ដែល​ប្រចាំការ​នៅ​ទីនោះ​។ ជន​ដែល​ជា​មន្ត្រី​គយ​នៅក្នុង​ផ្ទះ​តៀម​នោះ មិន​បាន​ស្លៀកពាក់​ឯកសណ្ឋាន​ឡើយ​។ គេ​ឃើញ​បុរស​ម្នាក់​ស្លៀកពាក់​ស៊ីវិល មាន​ក្រសែ​មុត​ចំពោះ​រថយន្ត​ដឹក​ទំនិញ​ឈរ​ចាំមើល ក្រែង​មាន​រថយន្ត​ណាមួយ​បើក​ហួស​តៀម​របស់​ខ្លួន​។ ប្រសិនបើ​មាន​អ្នករកស៊ី​ល្មើស ឬ​មិន​ព្រម​ចូល​បង់ប្រាក់ មន្ត្រី​គយ​ដែល​ប្រចាំការ​នៅក្នុង​ផ្ទះ​តៀម​នេះ នឹង​ទាក់ទង​ទៅ​ថ្នាក់លើ​ដើម្បី​ឲ្យ​តាម​ចាប់ ឬ​ក៏​ចាត់​វិធានការ​លើក​ក្រោយ​។​
​អ្នក​នៅ​ក្បែរ​ខាង​ផ្ទះ​តៀម​នេះ​អះអាង​ថា ជួនកាល​មាន​មន្ត្រី​គយ​ពិតប្រាកដ​ចុះមក​ប្រចាំការ ប៉ុន្តែ​ពេលខ្លះ​ជា​ភ្នាក់ងារ របស់​មន្ត្រី​គយ​សម្រាប់​ប្រចាំការ​នៅ​ទីនេះ​។ និយាយ​រួម​ទៅ បើ​ទោះជា​នៅ​ក្នុងផ្ទះ​តៀម​នោះ​គ្មាន​មនុស្ស​ប្រចាំការ ក៏​អ្នកបើករថយន្ត​មិន​ហ៊ាន​ហួស​រំលង​នោះដែរ​។​

​អ្នកបើករថយន្ត​ទេសចរណ៍​១២​កៅអី​ម្នាក់ ថ្មីៗ​នេះ​បាន​ឈប់​រថយន្ត​របស់​ខ្លួន​រួច​ចុះ​ដើរ​ឆ្លងផ្លូវ​សំដៅ​ទៅ​ផ្ទះ​តៀម​មួយ​នោះ​យក​លុយ​ជូន​មន្ត្រី ដែល​នៅ​ប្រចាំការ​ក្នុង​ផ្ទះ​តៀម​នេះ​។ គេ​ឃើញ​បុរស​ម្នាក់​ដុះ​ក្បាលពោះ មាឌធំ​បន្តិច ពាក់អាវ​យឺត​ដើរ​មក​ជួប​ម្ចាស់​រថយន្ត​១២​កៅអី ហើយ​ទទួលយក​ប្រាក់​ដោយ​មិន​និយាយ​គ្នា​វែងឆ្ងាយ​នោះឡើយ​។ ម្ចាស់​រថយន្ត​ប្រភេទ​ទេសចរណ៍​នេះ​ប្រាប់ថា គាត់​បាន​បង់​ប្រាក់​ឲ្យ​ម្ចាស់តៀម​១​ម៉ឺន​រៀល ។

​នៅក្នុង​រថយន្ត​១២​កៅអី​នេះ​មាន​ផ្ទុក​បន្លែ​ផ្លែឈើ និង​គ្រឿងទេស​មួយចំនួន​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិន​។ គាត់​បាន​ប្រាប់​អ្នកកាសែត​ថា បើ​ដឹក​ទំនិញ​ពេញ​រថយន្ត​ត្រូវ​បង់ប្រាក់​៣​ទៅ​៤​ម៉ឺន​រៀល​។​
​នៅឯ​ច្រក​ភ្នំ​ដិន ចរាចរណ៍​ទំនិញ​បាន​ធ្វើឡើង​ក្នុង​រូបភាព​តូចតាច ហើយក៏​មិន​មាន​ការបង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​នោះទេ​។ បើទោះបីជា​តួច​តា​ច តិចតួច ប៉ុន្តែ​អ្នក​រកស៊ី​ទាំងឡាយ​នោះ​ចាំបាច់​ត្រូវតែ​បង់លុយ​ឲ្យ​មន្ត្រី​គយ​ប្រចាំការ​នៅ​ច្រក​ព្រំដែន​ដោយ​គ្មាន​ការលើកលែង​។​

​ក្រុមអាជីវករ​បាន​និយាយថា ពួក​មន្ត្រី​គយ​ចល័ត​ក្រុម​ការដឹកនាំ​របស់​លោក លាង ម៉ុង មិន​បណ្តោយឲ្យ​មាន​ទម្លាប់​អាក្រក់​ក្នុង​ការដឹក​ជំ​និញមិន​បង់​ប្រាក់​នោះ​ឡើយ​។ គ្រប់​ទំនិញ​ដែល​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​២​ត្រូវតែ​បង់​លុយ​ឲ្យ​មន្ត្រី​គយ ដែល​ឈរជើង​នៅ​ជិត​ទី​រួម​ខេត្តតាកែវ​។ អ្នក​ដឹកទំនិញ​តិចតួច​អន់​បំផុត ក៏​ត្រូវ​បង់ប្រាក់​១​ម៉ឺន​រៀល រីឯ​អ្នក​ដឹក​ទំនិញ​ច្រើន ត្រូវ​បង់ប្រាក់​រហូត​រាប់​រយ​ដុល្លារ​។ គេ​និយាយថា គ្មាន​អ្នក​រក​ស៊ីណា ដែល​អាច​គេចផុត​ពី​កុងត្រូលចល័ត​របស់​មន្ត្រី គយ​នោះឡើយ​។​
​អ្នក​ដែល​មិន​ហ៊ាន​គេចវេះ ព្រោះ​តែ​វា​ជា​របរ​រកស៊ី​រាល់ថ្ងៃ ដែល​មិន​អាច​គេច​បាន​។

​អ្នក​អាច​គេច​បាន​លើក​នេះ ប៉ុន្តែ​ថ្ងៃស្អែក បើ​គយ​ចាប់បាន នឹង​ត្រូវ​ប្រឈម​នឹង​ការចាប់​យក​ទៅ​ផាកពិន័យ ឬ​ដុតចោល​។ ម្ចាស់​រថយន្ត​ម្នាក់​និយាយថា «​បើទោះបីជា​គយ​ដេកលក់ ក៏​ត្រូវ​ទុក​លុយ​ក្បែរ​ក្បាល​គយ​ដែរ​។ បើ​មិន​ដូច្នោះ​ទេ កុំ​សង្ឃឹមថា រួចខ្លួន​ឲ្យសោះ​»​។​

​រឿងរ៉ាវ​របស់​មន្ត្រី​គយ​នៅ​ខេត្តតាកែវ​បាន​កើតមាន​ជា​យូរណាស់​មកហើយ ប៉ុន្តែ​គេ​មិនដែល​ឃើញ​ថ្នាក់​ដឹក​នា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចាត់វិធានការ​នោះ​ឡើយ​។ ទាំងនេះ​ជា​ឱកាស​ដែល​ផ្តល់​ឲ្យ​ពួក​មន្ត្រី​គយ​កាន់តែ​បានចិត្ត​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​។ លោក​លាង ម៉ុង មិនអាច​ទាក់ទង​ដើម្បី​សុំ​ការបំភ្លឺ​បានទេ​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់