រាជធានីភ្នំពេញ ៖ តាមលទ្ធផលនៃការពិនិត្យរបស់ដុកទ័រឯកទេសនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា សូវៀត បានបញ្ជាក់ថា ស្ត្រីជនជាតិវៀតណាមដែលត្រូវគេចោទថា ចាប់ក្មេងនៅទួលសង្កែពិតជាមនុស្សមានជំងឺសរសៃប្រសាទមែន ហើយបាន ផ្តល់ថ្នាំសរសៃប្រសាទសំរាប់លេបព្យាបាលចំនួន៣សប្តាហ៍ ប៉ុន្តែអោយមួយសប្តាហ៍ត្រូវទៅពិនិត្យម្តង ព្រមទាំងបានចេញសំបុត្របើកថ្នាំដល់ស្ត្រីខាងលើនេះយកទៅព្យាបាលជាបន្តបន្ទាប់។
ដោយឡែកបើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានលទ្ធផលបឋមដើមបណ្តឹង និងក្រុមគ្រួសាររបស់ក្មេងស្រី ដែលបានចូលរួមទៅជាមួយសមត្ថកិច្ច និងស្ត្រីជាជនបង្កបានសម្រេចមិនបន្តការប្តឹងផ្តល់ទៀតទេ។ ទន្ទឹមនោះសមត្ថកិច្ចក៏បានរាយការណ៍ជូនលោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង ហើយបានអោយស្ត្រីនោះ វិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយមានការធានាពីក្រុមគ្រួសារ នៅពេលណាដែលសមត្ថកិច្ចត្រូវការ ត្រូវបង្ហាញមុខគ្រប់ពេល។
គួរបញ្ជាក់ថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក កម្លាំងជំនាញរបស់អធិការដ្ឋាន និងប៉ុស្តិ៍ទួលសង្កែ បានបញ្ជូនស្ត្រីសង្ស័យខាងលើទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីពិនិត្យធ្វើកោសល្យវិច្ឆ័យលើរោគសញ្ញាសរសៃប្រសាទ ប៉ុន្តែដោយមន្ទីរពេទ្រកាល់ម៉ែត្រ មិនមានវេជ្ជបណ្ឌិតឯកទេសសំរាប់ពិនិត្យ និងព្យាបាល កម្លាំងអធិការដ្ឋានក៏បានបន្តបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា សូវៀត៕