សំបូរដែលជាសត្វដំរីញីមួយក្បាលមានឈ្មោះល្បីល្បាញ នៅរមនីយដ្ឋានវត្តភ្នំក្នងការបំរើលើវិស័យទេសចរណ៍ជាតិ និងអន្តរជាតិអស់ជា ច្រើនឆ្នាំមកហើយនោះ បន្ទាប់ពីដំរីឈ្មោះសំបូរនេះត្រូវបានចូលនិវត្តន៍ក្នុងវ័យ៥៤ឆ្នាំ បច្ចុប្បន្ន ត្រូវបានអង្គការអភិរក្សសត្វដំរីហៅកាត់ថា(អ៊ី អិល អាយ អ៊ី ELIE) យកមកឲ្យរស់នៅក្នុងព្រៃជាមួយដំរីដទៃទៀតឋិតក្នុងដែនព្រៃអភិរក្សជីវចម្រុះសីមា ស្ថិតក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី។ ក្រោមការផ្គត់ផ្គង់នឹងថែទាំសុខភាពដោយអង្គការ ELIE នឹងខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី។
លោក ឃុន ឌីយ៉ូន នាយកអង្គការELIEបានឲ្យដឹងថា ការដឹកជញ្ជូនដំរីសំបូរពីរាជធានីភ្នំពេញមកខេត្តមណ្ឌលគិរីនេះ គឺប្រើរយៈ៥ថ្ងៃឯ ណោះ ដោយចេញដំណើរពីភ្នំពេញកាលពីថ្ងៃទី២៩ វិច្ឆិកា ២០១៤ នឹងបានមកដល់ខេត្តមណ្ឌលគិរី នៅវេលាម៉ោង១ នឹង៣០នាទីរសៀល ថ្ងៃទី ០៣ ធ្នូ ២០១៤ នេះដោយសុវត្ថិភាព។ ហើយការដឹកជញ្ជូនសំបូរមកខេត្តមណ្ឌលគិរី គឺក្រោមការជួយឧបត្ថម្ភពីមូលនិធិរបស់រដ្ឋាភិបាលសហរដ្ឋ អាមេរិក (USAID) តាមរយៈអង្គការ វីនរ៉ុក នឹងអង្គកា អ៊ី អិល អាយ អ៊ី (ELIE) ។
លោកនាយកអង្គការបានឲ្យដឹងទៀតថា មូលហេតុដែលចំណាយពេលវេលាយូរ ក្នុងការដឹកសំបូរមកខេត្តមណ្ឌលគិរី ដោយសារខ្លាច សំបូរជួបនឹងបញ្ហាសុខភាព ព្រោះនៅពេលធ្វើដំណើរសំបូរក៏ជួបប្រទះនឹងបញ្ហាសុខភាពដែរ ដោយមានសភាពរាករូស ប៉ុន្តែអ្វីៗ បានប្រសើរ ឡើងវិញបន្ទាប់ពីក្រុមគ្រូពេទ្យបានថែទាំ និងព្យាបាលយ៉ាងយកចិត្តទុកដាក់ ។
លោក ឃុន ឌីយ៉ូន បានបញ្ជាក់ថា បច្ចុប្បន្ននេះសំបូរមិនទាន់សម្របខ្លួនជាមួយនឹងការរស់នៅក្នុងព្រៃនៅឡើយទេ ដោយវាធ្លាប់តែរស់នៅ ទីក្រុង ប៉ុន្តែលោកសង្ឃឹមថា វានឹងអាចសម្របជាមួយនឹងទេសភាពព្រៃភ្នំ ខ្យល់អាកាសដ៏បរិសុទ្ធ ក្នុងពេលដ៏ខ្លីខាងមុខនេះ ។ លោកបានបញ្ជាក់អោយដឹងទៀតថា នៅក្នុងទឹកដីខេត្តមណ្ឌលគិរី មានដំរីព្រៃជាងមួយរយក្បាល និងដំរីនៅក្នុងស្រុកមានចំនួន៥៦ក្បាល ក្នុង នោះដំរីរបស់ប្រជាពលរដ្ឋចំនួន៤៧ក្បាល និង៩ក្បាលទៀតជារបស់អង្គការ ELIE ហើយដំរីទាំងអស់នោះអង្គការ និងមើលថែទាំ និងអភិរក្ស យ៉ាងយកចិត្តទុកដាក់ ៕
ហ៊ិន សុគន់