ខេត្តបន្ទាយមានជ័យ ៖ តាមប្រភពព័ត៌មានពីព្រំដែនប្រទេសថៃ កាលពីថ្ងៃទី២៤ មេសាកន្លងទៅនេះបានឱ្យដឹងថា កម្លាំងយោធាថៃអង្គភាពលេខ១២ សហការជាមួយតម្រួតក្លងលឹក ខេត្តស្រះកែវ បានចូលទៅសង្គ្រោះពលករខ្មែរជាច្រើននាក់ដែលត្រូវបានគេ បង្ខាំងទុកក្នុងបន្ទប់នៃអគារពាណិជ្ជមួយ មានកម្ពស់២ជាន់ ក្នុងបរិវេណផ្សាររុងក្លឿ(ផ្សារជាយដែនក្នុងស្រុកអារញ្ញ) ។
តាមប្រភពបានឱ្យដឹងថា កម្លាំងតម្រួតថៃ បានប្រើឧបករណ៍គាស់ទ្វារខាងក្រោយអគារ និងធ្វើឲ្យភ្ញាក់ផ្អើលនៅពេលដែលឃើញមានពលករខ្មែរប្រុស-ស្រីរួមទាំងក្មេងៗអង្គុយប្រជ្រៀតគ្នាណែនណាន់តាន់តាប់ដូចប្រអប់ឈើគូស ទាំងជាន់លើនិងជាន់ក្រោម សរុបចំនួន៦៥នាក់។ ពេលធ្វើការត្រួតពិនិត្យពួកគេសុទ្ធតែគ្មានឯកសារធ្វើដំណើរ និងស្ថិតក្នុងសភាពហេវហត់អស់កម្លាំង ព្រមទាំងភ័យខ្លាចញ័រទទ្រើកគ្រប់ៗគ្នា ។
ក្រោយការត្រួតពិនិត្យទើបដឹងថា ទាំងអស់គ្នាប្រុងលួចទៅធ្វើការនៅទីក្រុងបាងកក និងខេត្តសមុទ្របាកាន ដោយមានមេខ្យល់ជនជាតិខ្មែរនៅប៉ោយប៉ែត ជាអ្នកទាក់ទងនិងឲ្យលួចចូលមកក្នុងទឹកដីប្រទេសថៃ តាមច្រករបៀង ។
ពលករខុសច្បាប់ទាំងនោះបានស្នាក់នៅបណ្ដោះអាសន្នក្នុងអគារខាងលើតាំងពីថ្ងៃទី២១ មេសាមកម្ល៉េះ ដោយគេយកថ្លៃឈ្នួលនាំផ្លូវក្នុងម្នាក់ៗពី២០០០បាតទៅ២៥០០បាត និងប្រាប់ថាឲ្យរង់ចាំសិន បន្តិចទៀតនឹងមានរថយន្តមកទទួលទៅធ្វើការ ប៉ុន្តែរង់ចាំរយៈពេលជាង៣ថ្ងៃហើយ នៅតែប្រើពាក្យរង់ចាំសិនដែលមិនមានរថយន្តណាមួយមកទទួលនោះឡើយ ។
បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចថៃ បាននាំខ្លួនពលករខ្មែរទាំងអស់ទៅឲ្យនគរបាលអន្តោប្រវេសន៍ខេត្តស្រះកែវ យកទៅសួរនាំដើម្បីបញ្ជូនមកកម្ពុជាវិញ ព្រមទាំងតាមចាប់ខ្លួនមេខ្យល់ជាក្រុមជួញដូរមនុស្ស ជនជាតិខ្មែរដោយបានទាក់ទងមកនគរបាលអន្តោប្រវេសន៍កម្ពុជា ប្រចាំច្រកប៉ោយប៉ែត ឲ្យជួយតាមរកក្រុមមេខ្សល់ទាំងនោះយកមកចាត់ការតាមផ្លូវច្បាប់ ។ មិនសង្ឃឹមថា សមត្ថកិច្ចខាងខ្មែរចាប់មេខ្សល់បានឡើយ ព្រោះពួកគេច្រើនតែគិតប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាងធ្វើតាមច្បាប់ ។
ក្រោយសួរនាំសមត្ថកិច្ចថៃ បានឲ្យដឹងថា អគារខាងលើត្រូវបានពលរដ្ឋកម្ពុជាជាអ្នកជួលដើម្បីលក់ដូរ តែនៅមិនទាន់ឃើញមានការបើកលក់អ្វីនោះទេ គឺឃើញតែបិទទ្វាររហូត ។
ជុំវិញករណីនេះសមត្ថកិច្ចថៃក៏ត្រៀមកោះហៅម្ចាស់អគារមកសាកសួររកអត្ដសញ្ញាណអ្នកជួលផងដែរ ព្រោះនេះជាល្បិចជួលអគារសម្រាប់ជួញដូរមនុស្សល្មើសច្បាប់៕