កំពង់ធំ ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មានពិធីប្រកាសផ្ទេរភារកិច្ច និងមុខតំណែងថ្មី ស្នងការនគរបាលខេត្តកំពង់ធំ ដោយលោកឧត្តមសេនីយ៍ ជូ សំអាន ចេញជំនួសដោយលោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ដែលអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។
ពិធីនេះមានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ។
សូមបញ្ជាក់ថា ការឈានទៅដល់ការប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងថ្មី ស្នងការនគរបាលខេត្តកំពង់ធំ ខាងលើនេះ បានកើតមានឡើង ក្រោយពេលលោកឧត្តមសេនីយ៍ ជូ សំអានដែលជាស្នងការ ត្រូវបានកូនចៅចាប់ពីនាយនគរបាលប៉ុស្តិ រហូតដល់ស្នងការរងប្តឹងដោយសារភាពមិនប្រក្រតីលើការដឹកនាំ ។ ទោះជាយ៉ាងណា ក្រសួងមហាផ្ទៃមិនបានតម្លើងស្នងការរងណាឡើយ គឹសុខចិត្តយកពីក្រសួងទៅវិញ ។
មានការកត់សម្គាល់ថា ៖ ស្នងការនគរបាលខេត្តកំពង់ត្រូវបានផ្លាស់ប្តូរជាញឹកញាប់ ដោយសាតែមានទំនាស់ផ្ទៃក្នុង និងធ្វើការងារមិនចុះសម្រុងជាមួយមេដឹកនាំខេត្ត៕