ក្រចេះ៖ ផ្ទះប្រជាពលរដ្ឋមួយគ្រួសារ ចំនួន ៤ខ្នងផ្ទះ ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង កាលពីវេលាម៉ោង៥នឹង៤៥នាទីព្រឹកថ្ងៃទី១១ ខែគុម្ភៈ ឆ្នាំ២០១៧នេះ ឋិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
លោក អ៊ុន ហយ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំបុក បានអោយដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ទី បូរី អាយុ ៤៨ឆ្នាំ (ជាប្តី) និងប្រពន្ធឈ្មោះ សន អ៊ាងឆេង អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ និងមានសមាជិកចំនួន ៥នាក់ ។ ទំហំផ្ទះដែលរងការខូចខាត មានទំហំ ៧.២គុណ២០ម៉ែត្រ ស្មើនឹង៤ខ្នងផ្ទះ និងបាត់បង់ទ្រព្យសម្បត្តិ៍សរុបជាទឹកប្រាក់មានចំនួនប្រមាណជា ១០ម៉ឺនដុល្លា ។
សមត្ថកិច្ច បានធ្វើការសន្និដ្ឋានថា មូលហេតុដែលបណ្តាលឲ្យមានអគ្គីភ័យឆាបឆេះនេះកើតឡើង គឺមិនដឹងពីមូលហេតុ ។
ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គីភ័យខាងលើនេះ សមត្ថកិច្ច បានប្រើប្រាស់ទឹករថយន្តពន្លត់អគ្គីភ័យអស់ចំនួន ២៤ឡាន ទើបរលត់ ។
លោកឧត្តសេនីយ៍ទោ លន់ សុផាត ស្នងការនគបាលខេត្ត បានប្រជុំដាក់ផែនការផ្សព្វផ្សាយដល់មន្ត្រីប៉ុស្ដិ៍នគរបាលឲ្យណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗត្រូវប្រុងប្រយ័ត្នចំពោះភ្លើងផ្សែង មុនពេលចេញពីផ្ទះ ពីព្រោះរដូវនេះជារដូវធ្លាក់ខ្យល់ មេឃក្ដៅហែង ៕