ប្រទេសថៃ ៖ ពលករខ្មែរចំនួនពីរនាក់ ត្រូវបានរថយន្តថៃបុក កាលពីព្រឹកមុិញនេះដែលបណ្តាលអោយមានម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀតរងរបួសធ្ងន់ ខណៈពេលដែលពួកគេបានជិះម៉ូតូនាំគ្នាចេញដំណើរទៅធ្វើការហើយក៏ត្រូវរថយន្តបើករេចង្កូតមកបុកទាំងព្រឹក ។
ហេតុការណ៍នេះគឺបានកើតឡើងនៅវេលាម៉ោង ៦ និង៥០ នាទីព្រឹក ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៦ លើកំណាត់ផ្លូវបានបឹង ត្រង់បង្គោលគីឡូម៉ែត្រលេខ ៨៦ ក្នុងឃុំផ្លុងតាអឿមស្រុកវុាំងច័ន្ទ ខេត្តរៈយ៉ង ប្រទេសថៃ រវាងរថយន្តបាឡែនពណ៌ខ្មៅ ពាក់ស្លាកលេខ បាងកក ៥៧៦៤ ជាមួយនឹងម៉ូតូ ដែលមានពាក់ស្លាកលេខ បាងកក ២៥៦៦ ក្នុងទិសដៅស្របគ្នា ។
យោងតាមការអះអាងពីអ្នកដែលបានឃើញហេតុការណ៍នេះបាននិយាយថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូរងគ្រោះនោះជិះគ្នាពីរនាក់ ដែលពួកគេសុទ្ធសឹងជាកម្មករឆ្លងដែនមកពីប្រទេសកម្ពុជា ។ នៅពេលនោះស្រាប់តែមានរថយន្តមួយគ្រឿង បាន បើកបរយ៉ាងលឿនក្នុងទិសដៅស្របគ្នា ហើយបានរេចង្កូតទៅបុកលើជនរងគ្រោះ ចំពីក្រោយ បណ្តាលអោយពួកគេ ទាំងពីរនាក់ប៉ើងទៅធ្លាក់នៅក្នុងប្រឡាយកណ្តាល ផ្លូវភ្លោះ បណ្ដាលឱ្យម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុផងដែរ ។ នៅពេលនោះដែរ កំលាំងតម្រួតចរាចរណ៍ក៏បានចុះមកដល់ ដោយបានរៀបចំបញ្ជូន អ្នកដែលរងរបួសទៅកាន់មន្ទីរពេទ្យ វ៉ាំងច័ន្ទដើម្បីសង្គ្រោះ ។
ដោយឡែកសពពលករខ្មែរ ដែលស្លាប់នោះក៏ត្រូវបានបញ្ជូនយកទៅរក្សាទុកនៅក្នុងមន្ទីរពេទ្យដែរ ដើម្បីរង់ចាំអោយខាងស្ថានទូតកម្ពុជា រៀបចំឯកសារបញ្ជូនទៅកាន់ស្រុកកំណើតនៅកម្ពុជាវិញ ដោយភ្លាមៗនោះដែរ គេមិនទាន់ស្គាល់អំពីអត្តសញ្ញាណរបស់ជនរងគ្រោះទាំងពីរនាក់នេះនៅឡើយទេ៕