មណ្ឌលគិរី ៖ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលម្នាក់ ត្រូវគេរាយការណ៍មកថា សង្ស័យធ្វើអត្តឃាតខ្លួនឯងដោយកាំភ្លើងនៅលើផ្ទះរបស់ខ្លួន បង្ករឲ្យមានការភ្ញាក់ផ្អើល នាវេលាទាបភ្លឺថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិស្រែខ្ទុម ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងជំហ៊ានដំបូងថា ជនរងគ្រោះអាចនិងធ្វើអត្តឃាតដោយខ្លួនឯង ដោយកាំភ្លើង ម៉ាកសេកាសេ(CKC) បាញ់គ្រាប់ចូលក្នុងមាត់ពេលកំពុងសំរាកលើគ្រែក្នុងផ្ទះ ។
ប្រភពថា ជនរងគ្រោះជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែព្រះមានឈ្មោះផុន ម៉ៅ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិព្នង មានទីលំនៅកន្លែងកើតហេតុ ។
ក្រុមគ្រូសារជនរងគ្រោះថា ជនរងគ្រោះប្រហែលជាតូចចិត្តនិងខ្លួនដែលមានជំងឺរ៉ាំរៃ ពុំសូវមានប្រាក់ព្យាបាល ទើបសំរេចចិត្តផ្តាច់ជីវិតខ្លួនឯងដោយកាំភ្លើងបែបនេះ។
ទោះជាមានការអះអាងជំហ៊ានដំបូងយ៉ាងណានោះ នគរបាលនៅមិនទាន់អាចសន្និដ្ឋានទាំងស្រុង លើករណីអត្តឃាតដោយខ្លួនឯងបាននោះទេ និងបន្តបើកការស៊ើបអង្កេតបន្តទៀតនាព្រឹកថ្ងៃ១៨ខែវិច្ឆិកានេះ៕
ដោយ ៖ ហ៊ិន សុគន់