ក្រចេះ ៖ កម្លាំងអាវុធហត្ថស្រុកចិត្របុរី ដឹកនាំកម្លាំងដោយលោក អ៊ឹម ចិត្រា មេបញ្ជាការស្រុកបើកប្រត្តិបត្តុការបង្គ្រាបរថយន្ដសាំងយ៉ុង១គ្រឿងដឹកឈើ ប្រណិតប្រភេទធ្នង់ជាច្រើនសន្លឹក ដែលមានតំលៃរាប់ពាន់ដុល្លារ ប្រគល់ជូនរដ្ឋបាលព្រៃឈើសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ ។
ប្រតិបត្តិការបង្គ្រាបនេះ កាលពីវេលាម៉ោងរំលងអាធ្រាតឈានចូលទី១ខែវិច្ឆកា ឆ្នាំ២០១៦ នៅផ្លូវជាតិលេខ៧ ត្រង់ភូមិបន្ទាយ ឃុំគោលាប ស្រុកចិត្របុរី ខេត្តក្រចេះ។
លោក អ៊ឹម ចិត្រា បានឲ្យដឹងថា ក្នុងការបង្គ្រាបនេះ ដោយមានចង្អុលបង្ហាញនិងបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ទើបឈានដល់ការឃាត់រថយន្ដដឹកឈើ១គ្រឿងនេះ តែមិនបានឃាត់ខ្លួនអ្នកបើកបររថយន្ដនោះទេ ព្រោះក្រោយពីឃាត់រថយន្ដនោះបាន អ្នកបើកបរបានរត់ចោលរថយន្ដ។
លោក ជ្រុន សៅ នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែបានដឹងថា ឈើទាំងនោះជាប្រភេទឈើធ្នង់មានចំនួន៧៨សន្លឹក ស្មើ១.១៨៣មែត្រគូប (១មែត្រគូប១ផ្លាន៨ទឹក) ហើយឈើនិងរថយន្ដត្រូវទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីកសាងសំណុំរឿងតាមនិតិរដ្ឋបាលព្រៃឈើ ៕