ក្រចេះ៖ ឈើអារ ប្រភេទសុក្រំរាប់សិបសន្លឹកជាច្រើនម៉ែត្រគូប ត្រូវកម្លាំងអាវុធហត្តលើផ្ទៃប្រទេស សហការជាមួយ រដ្ឋបាលព្រៃឈើសង្កាត់សណ្ដាន់ ចុះបង្ក្រាបដល់ទីតាំងស្តុបទុកមួយកន្លែង កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំនុចផ្លូវចូលគ្រុមហ៊ុនតុងមិនស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។
លោកនាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ បន្តឲ្យដឹងថា ឈើទាំងនោះជាឈើសុក្រំ ភ្លះជាសន្លឹកមានចំនួន១០០សន្លឹក ស្មើនឹង៣,៩ម៉ែត្រគូប ។ ដោយឡែក អត្តសញ្ញាញម្ចាស់ឈើ គឺពុំមានសមត្ថកិច្ចណាម្នាក់ស្គាល់ឡើយ ព្រោះឈើទាំងនោះ ត្រូវក្រុមឈ្មួញយកទៅទំលាក់ចោលនៅក្បែរផ្ទះរបស់អ្នកស្រុក ដោយប្រហែលជាក្រុមឈ្មួញបានដឹងជាមុនថាសមត្ថកិច្ចចុះទៅបង្គ្រាប ។
លោកនាយសង្កាត់បន្ដទៀតថា បច្ចប្បន្នឈើទាំងនោះ ត្រូវកម្លាំងរបស់លោកដឹកយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ ដើម្បីកសាងឯកសារ សំនុំរឿង បញ្ជូនទៅស្ថាប័នអយ្យាការអមសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ស្តីពី ព្រៃឈើ ។
ជាមួយគ្នានោះ នៅក្នុងថ្ងៃដដែល កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានបន្តសហការជាមួយមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ចាប់ឃាត់រថយន្តយីឌុបដឹកឈើ មួយគ្រឿង នៅចំនុចអូរគ្រៀង ឋិតក្នុងភូមិសាស្ត្រឃុំអូរគ្រៀង ស្រុកសំបូរ ។
ក្រោយពេលឃាត់រថយន្តខាងលើ ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សារ ឋិតនៅភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ដើម្បីធ្វើការវាស់វែង និងកសាងឯកសារ ចាត់ការបន្តតាមច្បាប់រដ្ឋបាលព្រៃឈើ ៕
ម៉ុក ពន្លក