ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នឹងចាប់ផ្តើមផ្តល់សេវាលិខិតឆ្លងដែនធម្មតា ជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ រយៈពេល ៤ខែ ចាប់ពីខែមករា ឆ្នាំ២០២៤ នេះតទៅ។
បើ សេចក្តីជូនដំណឹងពីក្រសួងការងារ ដែលចេញនៅថ្ងៃទី២ ខែមករានេះ បានឱ្យដឹងថា ការផ្តល់សេវានេះ គឺយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ “អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដោយមានកិច្ចសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នឹងចាប់ផ្តើមផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ រយៈពេល ៤ខែ ចាប់ពីខែមករា ឆ្នាំ២០២៤ នេះតទៅ។”
សម្រាប់ព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់ សូមទំនាក់ទំនងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ (តាមរយៈទូរសព្ទលេខ +៨២ ០២ ៣៧៨៥ ១០៤១) ឬអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ (តាមរយៈទូរសព្ទលេខ +៨២ ០១០ ៨៨៩៨ ៨៦៤៤) នៅរៀងរាល់ម៉ោង ធ្វើការ។ក្រសួងការងារ ក៏បានស្នើដល់ប្រជាពលរដ្ឋ និងពលករខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ជួយផ្សព្វផ្សាយបន្តផងដែរ៕