ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រលប់ថ្ងៃនេះ បានចេញសេចក្តីប្រកាស គោរពតាមការសម្រេចរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការជ្រើសរើសអនាគតបេក្ខភាពនាយករដ្ឋមន្ត្រី។
ក្នុងសារលិខិតរបស់សម្តេចក្រឡាហោម ស ខេងដែលបង្ហោះក្នុងហ្វេសប៊ុក បានបញ្ជាក់ ២ចំណុចដូចតទៅ៖
១៖ ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត ។
២៖ ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ខ្ញុំក៏នឹងគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន៕