ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងនាំយកអំណោយទៅចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ទៅដល់មុខផ្ទះតែម្តង ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈ ជំងឺនេះកាន់តែរីករាលដាលធំឡើងៗ គួរឱ្យព្រួយបារម្ភ។ នេះបេីតាមការបញ្ជាក់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកនាំយកអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ចែកជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ និងមានជីវភាពខ្វះខាតចំនួនជាង ៨០០គ្រួសារ នៅខណ្ឌដូនពេញ នារសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់គ្នា អត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ទាំងអស់គ្នា ខណៈដែលរដ្ឋាភិបាលបិទខ្ទប់ភូមិដ្ឋាន២សប្តាហ៍នេះ។ លោកថា បើចូលរួមជាមួយរាជរដ្ឋាភិបាលឱ្យបានល្អប្រសើរជុំវិញការបិទខ្ទប់ រហូតកាត់ផ្ដាច់ជំងឺកូវីដ-១៩បាន នោះ រាជរដ្ឋាភិបាល នឹងបើកក្រុងឡើងវិញបានឆាប់រហ័សផងដែរ។
លោក អភិបាលបញ្ជាក់ថា ចាប់ពីពេលនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ លែងធ្វើពិធីចែកអំណោយទៀតហើយ ពោលគឺអាជ្ញាធរ នឹងនាំយកអំណោយទៅជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដល់មុខផ្ទះតែម្តង។
សូមបញ្ជាក់ថា ៖ អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋនៅខណ្ឌដូនពេញ មានចំនួន ៨១៧គ្រួសារ ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចំនួន៣គឺ សង្កាត់វត្តភ្នំ សង្កាត់ផ្សារចាស់ និងសង្កាត់ផ្សារថ្មីទី២ ដោយក្នុងមួយគ្រួសារ អង្ករចំនួន ២៥គីឡូក្រាម មីមួយកេស ត្រីខមួយយួរ៕