(រតនគិរី) ៖ នៅព្រឹកថ្ងៃទី១៥ខែឆ្នូឆ្នាំ២០២០លោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី និងសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តរតនគិរីបានរៀបចំក្រុងពាលីលើករូបសំណាកលោកតាក្រមង៉ុយនៅវិទ្យាល័យហ៊ុនសែនស្រុកអណ្តូងមាស ។
ពិធីខាងលើនេះប្រព្រឹត្តទៅតាមបែបព្រះពុទ្ធសាសនា ដោយមានគ្រឿងសក្ការៈបូជាថ្វាយម្ចាស់ទឹក ម្ចាស់ដីសុំសេចក្តីសុខ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយបីបាច់ថែរក្សាប្រជាជនកម្ពុជាឲ្យរួចផុតពីជំងឺកូវីដ-១៩ ។
បើតាមលោក សុខ គឹមអ៊ាង អនុប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពសាខាស្រុកអណ្តូងមាស ប្រាប់ឲ្យដឹងថា រូបសំណាកលោកតា ក្រុមង៉ុយ ក្រុងពាលីលើកនៅពេលនេះ គឺកើតចេញពីទឹកចិត្តសទ្ធាជ្រះថ្លារបស់លោកគ្រូ អ្នកគ្រូនិងសមាជិក សមាជិកាសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព សាខាខេត្តរតនគិរី បានបរិច្ចាគថវិការៀងៗខ្លួន កសាងបានសមិទ្ធផលខាងលើនេះ ទុកជាកេរ្តិ៍តំណែលកូនចៅជំនាន់ក្រោយ ។
លោកបន្តថា ក្រៅពីរូបសំណាកលោកតាក្រមង៉ុយនោះ គឺសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព សាខាខេត្តរតនគិរី ដែលមានលោក សាយ សាមាន ជាប្រធានបានកសាងរូបសំណាកព្រះជ័យវរ្ម័នទី ៧ និងរូបសំណាកព្រះសង្ឃរាជជួនណាតដាក់ដំកល់នៅក្នុងវិទ្យាល័យហ៊ុនសែនស្រុកអណ្តូងមាសផងដែរ ។
ដោយឡែក លោក ម៉ម បាសាក់ នាយកវិទ្យាល័យ ហ៊ុន សែន ស្រុកអណ្តូងមាសប្រាប់ឲ្យដឹងថា មានសិស្សសរុប ៥៨២ នាក់ (ស្រី២៨២នាក់) ចាប់ពីថ្នាក់ទី ៧ រហូតដល់ថ្នាក់ទី១២ ។
លោកបន្តថា វិទ្យាល័យនេះមានអគារកម្ពស់២ជាន់សាងសង់កាលពីឆ្នាំ២០១២ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈក្រុមហ៊ុនទ្រី ភាព។
សូមបញ្ជាក់ថា ក្នុងពិធីខាងលើនេះ លោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរីបាននាំអំណោយសម្ភារសិក្សា និងថវិកាមួយចំនួនជូនសិស្សរៀនពូកែចាប់ពីលេខ១ដល់លេខ ៥ និងរៀបចំបាយសាមគ្គីផងដែរ៕
ដោយ ចាប សំអាន