ក្រចេះ ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះ គេសង្កេតឃើញវត្តមានរបស់បេក្ខជន បេក្ខនារី ជាច្រើននាក់ បានប្រមូលផ្ដុំគ្នានៅតាមមណ្ឌលប្រឡង ដើម្បីពិនិត្យបញ្ជីឈ្មោះ ដែលមានបិទឈ្មោះ លេខតុ និងលេខបន្ទុប់ ដើម្បីត្រៀមខ្លួនក្នុងការប្រឡង ដែលនឹងឈានចូលមកដល់នៅថ្ងៃស្អែកខាងមុខនេះ ។
ដោយការប្រឡងនេះ គឺប្រព្រឹត្តទៅមានរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ ។ ទន្ទឹមនឹងនោះ វិញ្ញាសារប្រឡង ក៏ត្រូវបានគណកម្មាការរៀបចំប្រឡងថ្នាក់ជាតិ ដឹកជញ្ជូនមកដល់គោលដៅ នៅតាមបណ្តាខេត្តនីមួយៗដោយសុវត្ថិភាព ។ ដោយឡែកខេត្តក្រចេះ វិញ្ញាសារប្រឡងបាក់ឌុប បានដឹកមកដល់ខេត្តក្រចេះហើយ កាលពីថ្ងៃទី១៩ សីហា ដោយក្រុមការងាររៀបចំការប្រឡងថ្នាក់ជាតិ និងត្រូវបានយកទៅរក្សាទុកនៅសាលាខេត្តក្រចេះ ។
ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តក្រចេះ លោក ឡាយ បូរ៉ា បានអោយដឹងថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជន បេក្ខនារី ចូលរួមប្រឡងសរុបចំនួន ១៣៩៩នាក់ ក្នុងនោះបេក្ខនារីចំនួន ៧៣៣នាក់ និងមានមណ្ឌលប្រឡងចំនួន ៤មណ្ឌល គឺមណ្ឌលវិ.ព្រះកុសុម: មណ្ឌលវិ.ក្រចេះក្រុង មណ្ឌលអនុវិ.ហ៊ុនសែនក្រចេះក្រុង និងមណ្ឌលសាលាគរុកោសល្យខេត្ត ។
លោក បានបន្តថា ក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ ក៏មិនមានអ្វីខុសប្លែកពីឆ្នាំមុនដែរ ។
ពាក់ព័ន្ធនឹងការកំណែរទម្រងលើវិស័យអប់រំរបស់ក្រសួងនោះដែរ លោក បានបន្តថា ការប្រឡងបាកឌុបឆ្នាំនេះ គឺជាឆ្នាំទី៣ ហើយក៏ជាលើកទី ៤ ផងដែរ ដោយសារឆ្នាំទី១ ប្រឡងមានចំនួន ២លើក ។ បទបញ្ញាតិដែលបេក្ខជនត្រូវអនុវត្តនពេលប្រឡងនោះ ទី១ គឺមិនត្រូវយកសំណៅឯកសារចូល និងទី២ មិនអនុញ្ញាតិឲ្យយកចូល ឬប្រើប្រាស់នូវប្រព័ន្ធអេឡិត្រូនិច ។
លោក បានបញ្ជាក់ថា គណៈកម្មាការរៀបចំការប្រឡងថ្នាក់ជាតិ បានរៀបចំផែនការរួចជាស្រេច ដោយមានការសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរ មានកម្លាំងសមត្ថកិច្ច ដើម្បីត្រួតពិនិត្យ ការពារសន្តិសុខសណ្ដាប់ និងបង្កលក្ខណ:ងាយស្រួលជូនដល់បេក្ខជនបេក្ខនារីក្នុងការប្រឡង អោយដំណើរការប្រព្រឹត្តទៅដោយរលូន ៕