ខេត្តក្រចេះ៖ ឧបករណ៍នេសាទល្មើសច្បាប់ជាច្រើន ត្រូវបានផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកព្រែកប្រសព្វ និងកម្លាំងសហគមន៍នេសាទមូលដ្ឋាន ចុះប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញ នៅចំណុចបឹងវែង ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានឲ្យដឹងថា ឧបករណ៍នេសាទល្មើសច្បាប់ជាច្រើន ដូចជា របាំងស្បៃមុង និងរបាំងសាច់អួននីឡុងចំនួន ០៨ខ្សែ ប្រវែងជិត ១ពាន់ម៉ែត្រ លូស្បៃមុង និងសាច់អួនក្រឡាញឹកចំនួន ១១គ្រឿង បង្គោលចម្រឹងឬស្សីជិត ៣រយដើម ព្រមទាំងចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិជាង១រយគីឡូក្រាម ។
លោក បានបន្តថា ការចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេះ គឺធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោក កែម ហៀង អភិបាលរងស្រុកព្រែកប្រសព្វ និងដោយមានការចង្អុលបង្ហាញពីលោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផលក្រចេះ ។ ដោយបានធ្វើឡើងពេញមួយថ្ងៃ ព្រោះនៅទីនោះ អោយតែដល់រដូវទឹកឡើង គឺសំបូរកូនត្រីខ្លាំងណាស់ ប្រសិនបើសមត្ថកិច្ច មានការធ្វេសប្រហែសបន្តិច គឺជនល្មើសមួយចំនួន តែងតែប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជា ស្បៃមុង អួនក្រលាញឹក និងឆក់ មកនេសាទដើម្បីចាប់ត្រីទាំងតូចទាំងធំ ជាហេតុធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានជលផលនៃយើង ។ ហេតុនេះការចុះបង្ក្រាប គឺធ្វើដូចភ្លៀងរលឹម មិនថាឡើយរដូវបិទ ឬរដូវបើកនេសាទក្តី គឺមន្ត្រីជំនាញតែងតែសំុកិច្ចសហការពីគណៈបញ្ជាកាឯកភាពស្រុក ដើម្បីចុះបង្ក្រាបប្រកបដោយប្រសិទ្ធភាព ។
ជាមួយគ្នានោះ លោក កែម ហៀង អភិបាលរងស្រុក បានអោយដឹងថា ក្នុងនាមលោកអភិបាលស្រុកព្រែកប្រសព្វក៏ដូចជាក្នុងនាមអាជ្ញាធរ គឺតែងតែផ្តល់កម្លាំងសហការជាមួយមន្ត្រីជំនាញគ្រប់ស្ថាប័ន ជាពិសេសមន្ត្រីជលផល ដើម្បីអោយការបង្ក្រាបធ្វើឡើងប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ ពិសេសក្នុងគោលដៅចំបង គឺចូលរួមថែរក្សា ការពារ អភិរក្សធនធានជលផល អោយនៅគង់វង្សសម្រាប់ពេលបច្ចប្ប្មន្ន និងទៅអនាគត ៕
កិះ ខន