ក្រចេះ៖ រថយន្តសាំងយ៉ុងដឹកឈើប្រណិតប្រភេទធ្នង់ បម្រុងលោតឆត្រ័យកទៅលក់នៅខេត្តត្បូងឃ្មុំ និងប្រទេសវៀតណាមមួយគ្រឿង ត្រូវកម្លាំងសម្ថកិច្ចចម្រុះ ចុះបង្ក្រាប់បាននៅស្រុកសំបូរ កាលពីម្សិលមិញនេះ ។
លោក ផេង លូង នាយរងសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ បានអោយដឹងថា ដោយមានការសហការគ្នារវាង កម្លាំងស្នាក់ការសន្តិសុខ៧០៨ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំបូរ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសណ្ដាន់ ដឹកនាំដោយលោក លីម ចន្ថា នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ បានចុះបង្ក្រាបរថយន្តសាំងយ៉ុងដឹកឈើប្រណីត ១គ្រឿង កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅចំនុចភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។
លោក បន្តថា ឈើប្រណីតទាំងនោះ ជាប្រភេទឈើធ្នង់ មានចំនួន ៨២ដុំ និងឈើសុក្រំ ប្រភេទលេខ១ ចំនួន ១០សន្លឹក ស្មើនឹងជាង ២ម៉ែត្រគូប ។
លោក នាយរងសង្កាត់ បន្តទោយដឹងទៀតថា រថយន្តសាំងយ៉ុង និងវត្ថុតាងខាងលើ ត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ និងកំពុងកសាងសំនុំរឿងតាមនីតិវិធីដើម្បីបញ្ជូនបន្តទៅសាលាដំបូងខេត្ត ។
លោក ផេង លូង នាយរងសង្កាត់ បញ្ជាក់ថា នៅក្នុងរយ:ពេល៤ថ្ងៃជាប់ៗគ្នានេះ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែសីហានេះ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាប់រថយន្តដឹកបទល្មើសព្រៃឈើបានចំនួន ៤គ្រឿង តាមផ្លូវជាតិលេខ៧ នៅក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ៕