ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ បាន ទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និង អភិបាលកិច្ចល្អ» ដែលប្រគល់ដោយ លោកជំទាវ ហាក់ ចា ហាន់ មូន (Hak Ja Han Moon) សហស្ថាបនិកសហព័ន្ធសន្តិភាពសកលដែលមកចូលរួម“កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២” ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។
កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល» បានប្រាព្ឋពិធីនៅវិមានសន្តិភាពដោយមានអ្នកចូលរួមជាង៨០០នាក់ ដែលមានសមាសភាពជាអតីប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជនអង្គភាពសារព័ត៌មាន និងស្ថាប័ននានាជាច្រើនទៀត។
អ្នកចូលរួមនឹងបន្តប្រជុំពិភាក្សាគ្នាគ្នាជាបន្តទៀតនៅក្នុងវិមានសន្តិភាពបញ្ចប់ទៅនៅពេលល្ងាច។ សម្តេចតេជោ ហ៊ុន សែន នឹងរៀបចំអាហារពេលល្ងាចជូនភ្ញៀវកិត្តិយសនៅសណ្ធាគារសុខានៅល្ងាចនេះផងដែរ៕