ខេត្តកំពង់ឆ្នាំង៖ ដីព្រៃរបស់រដ្ឋ និងជាដី១០%សម្រាប់ប្រជាពលរដ្ឋចងគោ ក្របីនិងកាប់ឧសដុតដែលការពារដោយរដ្ឋបាលព្រៃត្រូវបានជនខិលខូច១ក្ដាប់តូចឃុបឃឹតគ្នាលួចរំលោភយកដីធ្វើជាកម្មសិទ្ធ។សូមបញ្ជាក់ថាដីដែលស្ថិតនៅតំបន់ខាងលើនេះ ត្រូវបានកម្លាំងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនៃមន្ទ្ទីរកសិកម្មខេត្តនិងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានធ្វើការដកហូតជាច្រើនលើកច្រើនសាមកហើយ និងមានការប្ដឹងទៅកាន់តុលាការទៀតផង ។
យោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋនៅឃុំក្បាលទឹក ស្រុកទឹកផុស បានឲ្យថា ដីព្រែរបស់រដ្ឋប្រមាណជាង ៥០ ហិកតាស្ថិតនៅចំណុចខ្សាច់ពូន ក្នុងភូមិថ្នល់កែង និងភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពុងរងនូវការទន្ទ្រានកាន់កាប់ម្ដងហើយទៀតពីសំណាក់ឈ្មួញដីឈ្មោះ អ៊ុន ណាវី ហៅចែស្រី (លោកស្រី)ដែលមានលំនៅដ្ឋាននៅភូមិត្រពាំងចឹកសារ សង្កាត់ កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំរំលោភយកធ្វើជាកម្មសិទ្ធ។
បើតាមការសង្កេតជាក់ស្ដែងកាលពីអំឡុងមុនឆ្នាំ ២០០០ រហូតមកដល់បច្ចុប្បន្ន កាលនោះ ដីព្រៃខាងលើធ្លាប់ត្រូវបានលោក ប៉ា ហមផានកាល នៅជាអភិបាលរងខេត្តកំពង់ឆ្នាំង កដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះធ្វើការដកហូតម្ដងរួចរាល់ហើយនិងបានលើកស្លាកសញ្ញាដើម្បីរក្សាទុកជាសម្បត្តិរដ្ឋវិញផងដែរ ប៉ុន្តែអាឡូវជនសង្ស័យនៅតែបន្តរំលោភទន្ទ្រានកាន់កាប់ម្ដងហើយម្ដងទៀត ហើយ។កាលពីអំឡុងពេលថ្មីៗនាឆ្នាំ ២០១៩ នេះ កម្លាំងចម្រុះមានអាជ្ញាធរឃុំ.ស្រុក.ខេត្ត សហការ ជាមួយកម្លាំងមន្ត្រីបរិស្ថាន កម្លាំងជំនាញរដ្ឋបាលព្រៃឈើដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានចុះធ្វើការដកហូតនិងលើកស្លាកសញ្ញា បញ្ជាក់ពីដីព្រៃរក្សាទុករបស់រដ្ឋផងដែរ ។
ជុំវិញករណីខាងលើនេះលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាពសារព័ត៌មាននគរមាស ដឹងថាលោកបានធ្វើការដកហូតមកដាក់ជាព្រៃសហគមន៍ និងបានដាក់ពាក្យបណ្ដឹងទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ។
សូមបញ្ជាក់់ថាលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចេញលិខិតមួយច្បាប់លេខ:០០៤ គជដព ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ជម្រាបជូនអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានអនុគណៈកម្មាធិការខេត្តដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុំព័ទដីព្រៃឈើ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិ ។
យោងតាមកម្មវត្ថុសំណើពិនិត្យនិរាករណ៍ករណីរាល់លិខិតពាក់ព័ន្ធនិងការទិញ.លក់ បញ្ជាក់ការកាន់កាប់ និងផ្ទេរសិទ្ធិកាន់កាប់ដីព្រៃឈើដោយខុសច្បាប់។ យោងលិខិតលេខ:១៣៤៨សជណ.កធ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានជម្រាបជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានអនុគណៈកម្មាធិការខេត្ត ដើម្បីទប់ស្កាត់ លុបបំបាត់និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយនិងហ៊ុំព័ទដីព្រៃដើម្បីវាតទីយកដីធ្វើជាកម្មសិទ្ធិ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានកត់សម្គាល់ឃើញថា បទល្មើសកាប់រាន ឈូសឆាយ និងហ៊ុំព័ទដីព្រៃឈើធ្វើជាកម្មសិទ្ធិនៅបន្តកើតមាននៅឡើយ ទោះបីការអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មីត្រូវបានបញ្ចប់ក៏ដោយ ក៏ទម្រង់រូបភាពបទល្មើសនៅកើតឡើង តាមរយៈចលនាការផ្ដល់ថវិកាជូនប្រជាពលរដ្ឋឲ្យកាប់រាន និងឈូសឆាយដីព្រៃខុសច្បាប់ រួចចូលកាន់កាប់ដោយមានការបញ្ជាក់លើឯកសារទទួលស្គាល់ ភាគច្រើនពីភូមិ ឃុំ ស្រុក នឹងមានករណីខ្លះរហូតដល់ថ្នាក់ខេត្តទៀតផង ហើយលក់បន្តទៅឱ្យបុគ្គលមានប្រាក់ ឬបុគ្គលមានឥទ្ធិពលដោយសំអាងមានឯកសារទិញ លក់ ត្រឹមត្រូវ តែធាតុពិតគឺការទិញលក់ដីរដ្ឋខុសច្បាប់ ដែលជាអំពើល្មើសនិងច្បាប់ស្ដីពីព្រៃឈើ ច្បាប់ភូមិបាល និងលិខិតបទដ្ឋានគតិយុត្តដ៏ទៃមួយចំនួនទៀតផងដែរ។
ផ្អែកលើហេតុផលដូចនេះ ចំពោះមុខដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសដីព្រៃឈើឲ្យមានប្រសិទ្ធភាពខ្ពស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ស្នើឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានអនុគណៈកម្មាធិការខេត្តពិនិត្យករណីនេះ ចាត់វិធានការតាមផ្លូវច្បាប់និងភាពចាំបាច់ចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើគ្រប់ប្រភេទដែលត្រូវបានរំលោភបំពានខុសច្បាប់មកទុកជាសម្បត្តិរដ្ឋវិញ និងនិរាករណ៍ រាល់លិខិតខុសឆ្គងទាំងអស់ករណីបានផ្ដល់ពាក់ព័ន្ធនឹងដីព្រៃឈើ។ប៉ុនណឹងហើយចាំមើលថាតើគេគោរពអត់?។