កំពង់ឆ្នាំង៖ សព្វថ្ងៃដីព្រៃលិចទឹកដែលជាដីជម្រកត្រីពងកូននៅរដូវវស្សានៅជាប់មាត់ទន្លេកោះលង្វេកស្ថិតក្នុងភូមិសាស្ត្រភូមិកំពង់ត្រឡាតក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានរលាយជាបណ្ដើរៗហើយដោយសារមន្ត្រីជំនាញជលផលនិងអាជ្ញាធរភូមិ ឃុំ ស្រុក ឃុបឃឹតគ្នាលក់អោយឈ្មួញជាថៅកែចិនរោងចក្រស្បែកជើងឈ្មោះរោងចក្រត្រីប៉ុស្ដិ៍ មិនមានការទប់ស្កាត់ឡើយ ។
បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានបង្ហើបអោយដឹងថា៖ដីនេះជាតំបន់ឡូត៍នេសាទលេខ ១៨ដែលជាដែននេសាទសាធារណៈរបស់រដ្ឋនិងជាដីតំបន់មេទឹករបស់សហគមន៍កំពង់ត្រឡាចក្រោម ជាដីសម្រាប់ប្រជាពលរដ្ឋបង្កបង្កើតផលជាលក្ខណៈគ្រួសារ ដែលមានទំហ៊ំធំល្វឹងល្វើយរាប់រយហិកតាប៉ុន្តែបច្ចុប្បន្នត្រូវបានគេឃុបឃឹតគ្នាលួចលក់(កន្ទេលធំបន្លំដេក)អោយឈ្មួញស្ងាត់ៗយកលុយចែកគ្នាចាយអស់ហើយ។
ពាក់ព័ន្ធនឹងព័ត៌មានខាងលើលោកគឹម ហេងនាយសង្កាត់ជលផលកំពង់ត្រឡាចបានច្រានចោលដោយបដិសេធថាលោកមិនបានដឹងទេចំពោះរឿងនេះ បើចង់ដឹងអោយសួរទៅមេៗថ្នាក់លើទៅ?។ចំណែកលោកលី ហុងស្រេងនាយរងខ័ណ្ឌទទួលបន្ទុកក៏បានប្រាប់តាមទូរស័ព្ទថាលោកមិនបានដឹងទេចំពោះរឿងនេះ ប៉ុន្តែលោកប្រាប់ថាលោក និយាយមិនកើតទេព្រោះយើងតូចតាចជាងគេ?!។ លោកបន្តថាដីនេះមិនអាចថ្នាក់ណាហ៊ានសម្រេចលក់បានទេលុះត្រាមាន សជណ សម្រេចពីរាជរដ្ឋាភិបាលព្រោះមានពាក់ព័ន្ធទៅនឹងអន្តរក្រសួង មានក្រសួងកសិកម្ម ក្រសួងរ៉ែនិងថាមពល ក្រសួងធនធានទឹក និងក្រសួងបរិស្ថាន ប៉ុន្តែការដែលគេលក់នេះមិនដឹងថាគេបានសម្រេចពីត្រឹមថ្នាក់ណានោះទេ។
ចំណែកលោកលី ឡានាយខ័ណ្ឌជលផលកំពង់ឆ្នាំងបានប្រាប់តាមទូរស័ព្ទថាលោកមិនបានដឹងទេសូមជួយស្រាវជ្រាវអោយបានច្បាស់លាស់ បើប្រជាពលរដ្ឋណាដឹងច្បាស់អោយទូរស័ព្ទទៅប្រាប់គាត់ផង។ករណីយ៍នេះសូមគោរពរាយកាណ៍ជូនឯកឧត្តមវ៉េង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងឯកឧត្តម អេង ជាសាន្តប្រត្តិភូរាជរដ្ឋាភិបាលទទួលបន្ទុកនាយករដ្ឋបាលជលផល សូមឯឧត្តមមេត្តាជ្រាបនិងបកស្រាយផងទាន!៕