ភ្នំពេញ ៖ កាលពីថ្ងៃទី១៤ តុលា នៅទីក្រុង ប្រាកនៃ សាធារណរដ្ឋឆែក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីបំណងចង់ ទិញយន្តហោះស៊ើបការណ៍ និងអាវុធពីសាធារណរដ្ឋឆែកថែមទៀត ដើម្បីពង្រឹងវិស័យសន្តិសុខ និងការពារជាតិដោយសារ កម្ពុជាធ្លាប់បានទិញយន្តហោះ ស៊ើបការណ៍ប្រភេទ L-39 ចំនួន ៦ គ្រឿង ពីឆែករួចហើយ។
ក្នុងសន្និសីទកាសែតរួមគ្នា ជាមួយលោក Andrej Babis នាយករដ្ឋមន្ត្រីឆែក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា” កាលពីពេលមុននេះ កម្ពុជាបានទិញយន្តហោះ ស៊ើបការណ៍ L-39 ចំនួន ៦ គ្រឿងរួចហើយ ។ ព្រឹកនេះ ខ្ញុំក៏បានស្នើសុំពិភាក្សា អំពីលទ្ធភាពកម្ពុជាអាចទិញ នូវយន្តហោះស៊ើបការណ៍ L-39 ប្រភេទ ថ្មី ៣ ទៅ ៤ គ្រឿង បន្ថែមទៀត ហើយយើងនឹងបន្តការពិភាក្សាពីបញ្ហានេះ រួមទាំងអាវុធមួយចំនួន ដែល កម្ពុជាកំពុងនាំចូល និងអាចថែមនូវអាវុធធុនស្រាល មួយចំនួនផ្សេងទៀត នៅក្នុងវិស័យទំនាក់ទំនងសន្តិសុខ និង ការពារជាតិរបស់យើង “។
ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ កម្ពុជានិងសាធារណរដ្ឋឆែក បានចុះហត្ថលេខា លើឯកសារសំខាន់ៗចំនួនពីរ ដែលក្នុងនោះមាន អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារអនុវត្ត គម្រោងសុខាភិបាលឆែក VAMED និង អនុស្សារណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មឆែក។
បន្ទាប់ពីពិធី បដិសណ្ឋារកិច្ចផ្លូវការរួចមក សម្តេចតេជោនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីឆែក បានអញ្ជើញ ធ្វើជំនួបពិភាក្សាចង្អៀត និងជំនួបកំពូលទ្វេភាគី រួមទាំងពិធីទទួលទានអាហារ ការងារថ្ងៃត្រង់ ក្នុងបរិយាកាសស្និទ្ធស្នាល និងរាក់ទាក់បំផុត។ ក្នុងជំនួបកំពូលទ្វេភាគី ប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-ឆែក បានធ្វើការពិភាក្សាគ្នា ដោយឆ្លុះបញ្ចាំងពីទំនាក់ទំនង ទ្វេភាគីដ៏ជិតស្និទ្ធ និងមានជាយូរណាស់មកហើយ ដែលបានផ្តួចផ្តើម ដោយមេដឹកនាំនៃប្រទេសទាំងពីរ។
ក្នុងជំនួបកំពូលគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបំពេញព្រះរាជតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហការយ៉ាងកក់ក្តៅរបស់ប្រជាជន នៃប្រទេសទាំងពីរ។ ក្នុង នាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះជំនួយ ដែលមិនអាចកាត់ថ្លៃបាន របស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋឆែក ដែលបានផ្តល់ដល់កម្ពុជា ក្នុងគ្រាលំបាកបំផុត បន្ទាប់ពីការរំដោះប្រទេសក្នុងឆ្នាំ១៩៧៩។
ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើការពិនិត្យឡើងវិញ ដោយក្តីពេញចិត្ត ចំពោះការអភិវឌ្ឍ នៃទំនាក់ទំនងកម្ពុជា-ឆែក និងវឌ្ឍនភាព ដែលបានធ្វើក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីជាផលប្រយោជន៍រួម សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ និងបានប្តេជ្ញាចិត្តពង្រឹងចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងកសិកម្ម។
មេដឹកនាំទាំងពីរ បានផ្លាស់ប្តូរយោបល់ និងឯកភាពគ្នាលើការលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុក ដាក់ទៅវិញទៅមក។ ជាងនេះទៅទៀត មេដឹកនាំទាំងពីរ បានទទួលស្គាល់ពីសារសំខាន់ នៃការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព និងសមាហរណកម្មពិភពលោក ដើម្បីជាប្រយោជន៍ ដល់ការអភិវឌ្ឍពិភពលោក។ មេដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាជំរុញ ទំនាក់ទំនងនៅគ្រប់កម្រិត រួមទាំងផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ខ្ពស់ និងកិច្ចពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ សំដៅស្វែងរកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលឆែក ចំពោះការបង្វែរបំណុល ទៅជាជំនួយអភិវឌ្ឍ សម្រាប់ប្រទេសកម្ពុជា ពិសេសការបន្តគាំទ្រពីសំណាក់ រដ្ឋាភិបាលនិងប្រជាជនឆែក ក្នុងការបន្តគាំទ្រ ផ្តល់ជំនួយក្នុងវិស័យអប់រំ សុខាភិបាល និងអភិវឌ្ឍន៍ជនបទ ក្រោមកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍។ ក្នុងជំនួបកំពូលនោះដែរ ភាគីទាំងពីរបានឯកភាពគ្នា រៀបចំផែនការរួម ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរនៅឆ្នាំ២០២១។
នាយករដ្ឋមន្ត្រីឆែក Andrej Babis បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ចំពោះសន្តិភាពនិងស្ថិរភាព ក្រោមការដឹកនាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេស ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រីឆែក បានបង្ហាញការជឿជាក់យ៉ាង មុតមាំថា ប្រទេសកម្ពុជា នឹងសម្រេចគោលដៅ ទៅជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគោរពអញ្ជើញ លោកនាយករដ្ឋមន្ត្រីឆែក Andrej Babis មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តាមពេលដ៏សមស្រប។ លោកនាយករដ្ឋមន្ត្រី បានទទួលយកនូវការអញ្ជើញ ដោយសេចក្តីរីករាយ និង បានថ្លែងនូវអំណរគុណ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះការអញ្ជើញនេះ។
គួរបញ្ជាក់ថា សាធារណរដ្ឋឆែក មានផ្ទៃក្រឡាទំហំ ៧ម៉ឺន៨ពាន់៨៦៧គីឡូម៉ែត្រការ៉េ មានព្រំប្រទល់ជាប់ និងប្រទេសអូទ្រីស អាល្លឺម៉ង់ ប៉ូឡូញ និងស្លូវ៉ាគី និងមានប្រជាជនរស់នៅសរុប ១០លាន៦សែន៨ម៉ឺន៦ពាន់២៦៩នាក់ គិតក្នុងខែកក្កដាឆ្នាំ២០១៨។ ប្រជាជនឆែកកាន់សាសនារ៉ូម៉ាំងកាតូលិក។ ស្ថានភាពសេដ្ឋកិច្ច សាធារណរដ្ឋឆែក ក្នុងឆ្នាំ២០១៧កន្លងទៅ ផលិតផលសរុបក្នុងស្រុក GDP ៣៧៥,៩ ពាន់លានដុល្លា អាម៉េរិក ក្នុងនោះ GDP សម្រាប់មនុស្សម្នាក់ ៣ម៉ឺន៥ពាន់៥០០ដុល្លា អាម៉េរិក ក្នុងមួយឆ្នាំ។ អត្រាកំណើន GDP ៤,៣% ផលិតផលសំខាន់ៗគិតជាភាគរយ(GDP) ក្នុងនោះផ្នែកសេវា ៥៩,២% ឧស្សាហកម្ម ៣៨% និងកសិកម្ម២,៨%។
សាធារណរដ្ឋឆែក ជាប្រទេសមានការនាំចេញ នូវផលិតសំខាន់ៗមួយ ចំនួនដូចជា គ្រឿងម៉ាស៊ីន ឧបករណ៍ដឹកជញ្ជូន វត្ថុធាតុដើម ប្រេងឥន្ធន: និងសារធាតុគីមី។ល។ ព្រះរាជាណាចក្រកម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូត ជាមួយអតីត សាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៥៦។ នៅឆ្នាំ១៩៧៥ ទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។ ឆ្នាំ១៩៧៩ កម្ពុជាបានភ្ជាប់ទំនងទំនងជាមួយនឹង សាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៦ ទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក ត្រូវបានបង្កើតឡើងវិញ បន្ទាប់ពីប្រទេសឆេកូស្លូវ៉ាគី បែងចែកជាពីរប្រទេស។
កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០០៦ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់សាធារណរដ្ឋឆែក ដើម្បីទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយសផ្នែករបាំ ពីសាធារណរដ្ឋឆែកផងដែរ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណ:ប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប្រាក សាធារណរដ្ឋឆែកនាថ្ងៃទី១៤តុលា៕