រតនគិរី ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩នេះ គណៈប្រតិភូស្នងការនគរបាលខេត្តដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនកម្លាំងវរការពារព្រំដែនលេខ៦២៣ និង២០៣ ។ ចូលរួមក្នុងពិធីខាងលើដែរ មានលោកឧត្តមសេនីយ៍ត្រី ហេង រតនៈ ស្នងការរងទទួលបន្ទុកព្រំដែន,លោកឧត្តមសេនីយ៍ត្រី អ៊ឹម ផានី ស្នងការរងទទួលបន្ទុកសន្តិសុខ លោកឧត្តមសេនីយ៍ត្រី ហ្វង់ ប៊ុនថាណម ស្នងការរងទទួលបន្ទុកបុគ្គលិក និងលោកនាយការិយាល័យមួយចំនួន ចំណុះឲ្យស្នងការនគរបាលខេត្ត ។
ពិធីខាងលើនេះ ប្រព្រឹត្តទៅនៅទីបញ្ជាការវរការពារព្រំដែនលេខ ៦២៣ ស្ថិតក្នុងភូមិប៉ក់ធំស្រុកអូរយ៉ាដាវខេត្តរនគិរី ។
អំណោយចែកជូនក្នុងឱកាសនេះដែរ ដោយកម្លាំងវរការពារព្រំដែនលេខ២០៣ ទទួលបានត្រីខ២៥យួរ, មី៦០កេះ, ទឹកសុទ្ធ១០យួរ, អង្ករ៣២៥គីឡូក្រាម, ប៊ីចេង២គីឡូក្រាម និងវរការពារព្រំដែនលេខ៦២៣ ទទួលបានត្រីខ១៥យួរ, មី៤០កេះ, ទឹកសុទ្ធ១០យួរ, អង្ករ៣០០គីឡូក្រាម, ប៊ីចេង៤គីឡូក្រាម។
ក្នុងឱកាសខាងលើនេះដែរ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិដែលរូបលោកតែងគិតគូរសុខទុក្ខដល់កម្លាំងនគរបាលជាតិគ្រប់កាលៈទេសៈ ។
លោកឧត្តមសេនីយ៍ស្នងការបន្តថា ទោះបីអំណោយតិចតួចក្តីប៉ុន្តែជាទឹកចិត្តរបស់ថ្នាក់ដឹកនាំចូលរួមវិភាគទានជាថវិកា ជាគ្រឿងឧបភោគ បរិភោគផ្សារភ្ជាប់ជាមួយកម្លាំងក្រោមឱវាទដែលពួកគាត់កំពុងបំពេញភារកិច្ចការពារព្រំដែនឃ្លាតឆ្ងាយពីក្រុមគ្រួសារ ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌសូមជូនពរឲ្យកម្លាំងនគរបាលវរការពារព្រំដែនទាំង ២ និងក្រុមក្រុមគ្រួសារជួបប្រទះសុខភាពល្អ និងប្រកបការងារជោគជ័យ ៕
ដោយ ៖ ចាបសំអាន