ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ និងស្ថានទូតជប៉ុនប្រចាំកម្ពុជានៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩បានដាក់ឲ្យដំណើរការគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ទំនើបក្នុងរាជធានីភ្នំពេញ ដែលបានសាងសង់ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ ឥតសំណង របស់ប្រទេសជប៉ុន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ ប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយសុវត្ថិភាព និងគ្មានការរំខានដោយបញ្ហាកកស្ទះចរាចរណ៍។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងនេះគឺមានភាពវ័យឆ្លាត តាមរយៈការតម្លើងការបំពាក់ស្តុបថ្មីនៅចំណុចប្រសព្វចំនួន១១៥ទីតាំង ការបំពាក់កាំមេរ៉ាចាប់យករូបភាពចរាចរណ៍ ហើយវិភាគទិន្នន័យ និងការកសាងមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ ដើម្បីងាយ ស្រួលក្នុងការបញ្ជាចរាចរណ៍ពីចំងាយ។
សូមបញ្ជាក់ថា «ស្ថិតិយានយន្តនៅរាជធានីភ្នំពេញ មានរហូតដល់ជាង ២លានគ្រឿងក្នុងនោះ រថយន្តជាង ៥សែនគ្រឿង ម៉ូតូមានជាង ១លានសែនគ្រឿង ហើយបើយកយានយន្តទាំងនោះ មកតម្រៀគ្នា នៅលើផ្លូវក្នុងរាជធានីភ្នំពេញ គឺដាក់មិនអស់ទេ»។
លោក HORINOUCHI Hidehisa ឯកអគ្គរាជទូត នៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធគ្រប់គ្រង់ចរាចរណ៍បែបទំនើបកំពុងដើរតួនាទីយ៉ាង សំខាន់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញយ៉ាងមានប្រសិទ្ធភាព។
លោកបានបន្តថា គម្រោងនេះរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងរហូតដល់ជាង ១៥លាន ៧សែនដុល្លារ ហើយត្រូវបានដាក់ឲ្យដំណើរការជាបណ្តោះអាសន្នកាលពីចុងឆ្នាំ២០១៨ កន្លងទៅ ៕