ភ្នំពេញ ៖ ព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៩លោក ឃួង ស្រេង អភិបាលរាជធានី ចុះពិនិត្យការកាយស្តារ ប្រឡាយបឹងត្របែក និងឲ្យប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន លើប្រឡាយរំកិលផ្ទះចេញ ដើម្បីរឿបចំបុកស៊ីផាយស្ថាបនាប្រឡាយឡើងវិញ ឲ្យចរន្តទឹកហូរ បានលឿនជៀសវាងការលិចលង់លំនៅដ្ឋាន ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា «នៅប្រឡាយបឹងត្របែក យើង មានម៉ូទ័របូមទឹករហូតដល់ ១១គ្រឿង ប៉ុន្តែការបូមទឹកទាំងនោះ មិនអាចធ្វើសកម្មភាពបានគ្រប់ចំនួនម៉ូទ័រនោះទេ ដោយសារតែមានការ កកស្ទះទឹកហូរមិនទាន់»។ដើម្បីដោះស្រាយលើបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចធ្វើការស្តារប្រឡាយ និងឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយប្រឡាយ រំកិលផ្ទះរបស់ពួកគាត់ចេញពីមាត់ប្រឡាយ ដើម្បីយើងបន្តបុកស៊ីបាយជញ្ជាំងប្រឡាយនេះ ឲ្យបានប្រសើរឡើង។
លោកអភិបាលបន្តថា ពាក់ព័ន្ធនឹងការ ការងាររំដោះទឹកចេញពីរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញ បានដាក់ផែនការឲ្យខណ្ឌទាំង៥ នៅកណ្ដាលក្រុងធ្វើការស្ដារលូ ស្តារប្រឡាយនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានល្អសំដៅធ្វើយ៉ាងណាឲ្យចរន្តទឹកហូរ មកដល់ស្ថានីយបូមទឹកបាន។
លោក ឃួង ស្រេង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាបរិស្ថាន ពិសេសគឺការរក្សាសំរាមទុកឲ្យបានល្អ កុំឲ្យសំរាមធ្លាក់ទៅក្នុងអណ្ដូងលូ និងប្រឡាយទឹក ។ ប្រជាពលរដ្ឋត្រូវរៀបចំខ្លួន ឲ្យបានល្អទៅតាមប្រទេសដែលកំពុង មានភាពស៊ីវីល័យ ពោលគឺត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ៕