ភ្នំពេញ ៖ បន្ទាប់ពីបានចុះផ្ទាល់ពិនិត្យនិងដោះស្រាយបញ្ហាសង្គ្រោះមនុស្សដែលរងគ្រោះព្រោះបាក់រលំអគារកំពង់សាសងសង់កំពស់៧ជាន់នៅខេត្តព្រះសីហនុនៅថ្ងៃទី២៥ ខែមិថុនា នេះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី មានប្រសាសន៍តាមរយៈហ្វេសប៊ុកផេក ថា “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ក្នុងហេតុការបាក់អគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុដែលធ្វើអោយប្រជាជនជាទីស្រឡាញ់របស់យើងស្លាប់២៨នាក់របួស២៦នាក់។
សម្តេចឲ្យដឹងថា “ខ្លួនខ្ញុំបានអំពាវនាវសុំសប្បុជនជួយឧបត្ថម្ភបន្ថែមដែលមកដល់ម៉ោង១២ ថ្ងៃ២៥ ខែមិថុនា នេះ ទទួលទឹកប្រាក់គិតជាដុល្លាចំនួន២.១៩៨.៤០០ដុល្លារអាមេរិកក្រៅពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែជាទីគោរពសក្ការៈនិងជំនួយឧបត្ថម្ភរបស់ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពជា” ។
ថវិការនេះត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១ម៉ឺនដុល្លារសម្រាប់២៤នាក់ ។ ចំណែក២នាក់ទៀតដែលស្ថិតក្រោមគំនរបាក់បែកប្រមាណជិត៦០ម៉ោងដែលនៅរស់រានមានជីវិតដោយសារការជួយសង្គ្រោះត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន៣ម៉ឺនដុល្លារ។ សរុបអ្នករបួសចំណាយអស់៣០ម៉ឺនដុល្លារ។
សម្តេចតេជោ មានប្រសាសន៍បន្តថា “ថវិកានៅសល់១.៨៩៨.៤០០ដុល្លារអាមេរិក ត្រូវបែងចែកស្មើៗគ្នាសម្រាប់អ្នកស្លាប់ចំនួន២៨នាក់ដែលក្នុងមួយនាក់ទទួលចំនួន៦៧.៨០០ដុល្លារនេះ មិនគិតពីថវិការាជរដ្ឋាភិបាល១ម៉ឺនដុល្លារ ដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួនក្រោយ១ថ្ងៃនៃថ្ងៃកើតហេតុផងទេ”។
លោក សេង ទៀង នាយករងខុទ្ទកាល័យរបស់សម្តេចតេជោ នឹងរៀបចំជូនក្រុមគ្រួសារសពតាមរយៈធនាគារដើម្បីធានាសុវត្ថិភាពសម្រាប់ក្រុមគ្រួសារសព។
សម្តេចតេជោ សូមអរគុណចំពោះសប្បុសជនទាំងអស់ដែលបានជួយជាថវិកាសម្រាប់ជនរងគ្រោះទាំងអ្នកស្លាប់ទាំងអ្នករបួសដោយមិនគិតពីនិន្នាការនយោបាយ។
ជាថ្មីម្តងទៀត សម្តេច សូមអរគុណនិងកោតសសើរចំពោះកម្លាំងដែលបានចូលរួមជួយរុករកនិងជួយសង្គ្រោះដែលបានបង្ហាញនូវការទទួលខុសត្រូវ ផ្តល់នូវក្តីអាណិតស្រឡាញ់ចំពោះជនរងគ្រោះក្នុងឋានៈជាជនរួមឈាមដូចគ្នា ។ សូមអរគុណផងដែរដល់កម្មករនិងអ្នកបច្ចេកទេសចិនដែលបានចូលរួមក្នុងកិច្ចការនេះតាំងពីការចាប់ផ្តើមរហូតដល់ការងារត្រូវបានបញ្ចប់។សម្តេចរំលឹកពាក្យសុភាសិតខ្មែរមួយឃ្លាថា៖ “ស្រឡាញ់គ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក”។
ក្រៅពីជនរងគ្រោះ និងគ្រួសារជនរងគ្រោះ ដោយករណីរលំបាក់អគារកម្ពស់ ៧ជាន់ នៅខេត្តព្រះសីហនុ សម្តេចក៏បានឧបត្ថម្ភដល់កងកម្លាំង ដែលបានជួយរុករក និងសង្គ្រោះជិត ២ពាន់នាក់ ដោយបុរសម្នាក់ៗ ទទួលថវិកា១០០ដុល្លារ ចំណែកនារីទទួលបាន២០០ដុល្លារផងដែរកាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ នេះបើតាមសម្តេចប្រកាសតាមរយៈ Facebook នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ក្នុងការចូលរួមយោបល់តាមរយៈ Comment មានបងប្អូនមួយចំនួន សំណូមពរមកខ្ញុំឱ្យជួយឧបត្ថម្ភ ចំពោះកម្លាំងចូលរួមបំពេញការងាររុករក និងជួយសង្គ្រោះផង។ នេះពិតជាសំណូមពរត្រឹមត្រូវព្រោះបើគ្មានកម្លាំង ដែលពោពេញដោយភាពក្លាហានមិនខ្លាចនើយហត់នេះទេ យើងមិនអាចស្រោចស្រង់ជីវិតអ្នកដែលនៅរស់ និងយកសាកសពបានទេ»។
សម្តេចបញ្ជាក់ទៀតថា «ខ្ញុំបានយកថវិកាខ្ញុំជាង ១៥ម៉ឺនដុល្លារចែកជូនបងប្អូន ១៤៨៧នាក់ តាំងពីយប់មិញមកម្ល៉េះ ដោយបុរសទទួល ១០០ដុល្លារ ក្នុងម្នាក់ នារីទទួលបាន២០០ដុល្លារក្នុងម្នាក់ៗ។ ភរិយាខ្ញុំ និងកូនៗខ្ញុំបានជួយផ្តល់បាយម្ហូបអាហារទឹកផឹកទឹកក្រូច ក្នុងពេលប្រតិបត្តិការមុនពេលខ្ញុំទៅដលកន្លែងកើតហេតុ»។