ឥណ្ឌា៖ ប្រទេសឥណ្ឌាបានប្រកាស ដាក់ពន្ធ លើផលិតផលចំនួន២៨មុខ របស់សហរដ្ឋអាមេរិក រួមទាំង អាល់ម៉ុន ផ្លែប៉ោម និង Walnut ចាប់ពីថ្ងៃអាទិត្យនេះ (១៦ មិថុនា) បន្ទាប់ពីរដ្ឋការលោកដូណាល់ត្រាំដកផ្តល់សិទ្ធិ ពាណិជ្ជកម្មសំខាន់ៗ ដែលក្រុងវ៉ាស៊ីនតោន ផ្តល់ឲ្យសម្រាប់ក្រុងញូវដេលីនាពេលកន្លងមក ។នេះបើតាមទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី៥ ខែមិថុនាឆ្នាំ២០១៩ លោកប្រធានាធិបតី ត្រាំ បានលុបចោល នូវសិទ្ធិធ្វើពាណិជ្ជកម្ម ក្រោមប្រព័ន្ធអនុគ្រោះ ទូទៅហៅថា (GSP) សម្រាប់ប្រទេសឥណ្ឌា ដែលជាអ្នកទទួលផលដ៏ធំបំផុត នៃគម្រោងដែលអនុញ្ញាត ឱ្យការនាំចេញដោយមិនបង់ពន្ធ រហូតដល់ទឹកប្រាក់ ៥,៦ពាន់លានដុល្លារ ។ប្រទេសឥណ្ឌា បានហៅថា “ជាអកុសល” ហើយបានសន្យា នឹងលើកកម្ពស់ ផលប្រយោជន៍ជាតិរបស់ខ្លួន ។
សូមបញ្ជាក់ដែរថា៖ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងត្រូវមកបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ក្នុងខែមិថុនានេះ។ លោក Pompeo ធ្លាប់បាននិយាយថា អាមេរិកស្វាគមន៍ការចរចាគ្នា ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មជាមួយឥណ្ឌា។ លោក ត្រាំ បានសម្រេចកាត់ឈ្មោះឥណ្ឌាចេញពីផែនការ GSP ព្រោះលោកអះអាងថា ឥណ្ឌាមិនបើកចំហរទីផ្សារធំទូលាយគ្រប់គ្រាន់ សម្រាប់ក្រុមហ៊ុនអាមេរិក៕