រតនគិរី៖ ដោយមានបទបញ្ជាពីលោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណបញ្ជាការឯកភាពខេត្ត និងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី នៅសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ លោកអនុសេនីយ៍ឯក សោមសុផលនាយការិយាល័យផែនការសន្តិសុខ នៃទីបញ្ជាការអាវុធហត្ថខេត្តរតគិរីបានសហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអណ្តូងមាស, កម្លាំងនគរបាលស្រុកអណ្តូងមាស និងកម្លាំងនគរបាលការពារព្រំដែនលេខ២០៣ បានចុះរឹបអូសឈើលេខ១ជាច្រើនកំណាត់ ដែលឈ្មួញលាក់ទុកក្នុងចំការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិចាយ ឃុំញ៉ាងស្រុកអណ្តូងមាស ខេត្តរតនគិរី។
លោកអនុសេនីយ៍ឯក សោម សុផល បានឱ្យសារព័ត៌មាន ដឹងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះថា ក្រុមការងារបានបើកប្រតិបត្តិការតាំងពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញ រហូតមកដល់ព្រឹកនេះ បានរុករកប្រទះឃើញទីតាំងស្តុកឈើចំនួន៣កន្លែង ដែលឈ្មួញដឹកមកគរលាក់ទុកក្នុងចំការចន្ទី នាទីតាំងខាងលើ។
លោកអនុសេនីយ៍ឯក សោម សុផល បានបន្តថា ក្រុមការងារក៏បានទទួលបទបញ្ជាពីថ្នាក់លើឲ្យប្រមូលឈើលេខ១ទាំងនោះមករក្សាទុកនៅស្នាក់ការអាវុធហត្ថលេខ៧៨៧ប៉ុន្តែដោយមានភ្លៀងធ្លាក់ខ្លាំស្ថានភាពផ្លូវមានការលំបាក ខ្វះមធ្យោបាយដឹកជញ្ជូន រហូតមកដល់ពេលនេះក្រុមការងារទើបតែដឹកបានប្រមាណ៣០កំណាត់ប៉ុណ្ណោះនៅប៉ុន្មានទៀតនឹងដឹកមករក្សាទុកជាបន្តបន្ទាប់ទៀតផងដែរ។
សូមបញ្ជាក់ដែរថា ប្រតិបត្តិការខាងលេីនេះពុំឃើញវត្តមានមន្ត្រីរដ្ឋបាលព្រៃឈើចូលរួមនោះទេ។ ទាក់ទិនទៅនឹងសមត្ថកិច្ចចុះរឹបអូសគំនរឈើខាងលើនេះដែរ មន្ត្រីរាជការ និងប្រជាពលរដ្ឋ សំណូមពរឲ្យវែកមុខក្រុមឈ្មួញដឹកជញ្ជូនឈើ មកផ្តន្ទាទោសតាមច្បាប់ ដើម្បីកុំឲ្យក្រុមឈ្មួញផ្សេងៗទៀតនៅតែលួចបន្តធ្វើសកម្មភាពតទៅទៀត៕
ដោយ ៖ ចាប សំអាន