ចិន៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកលី ខឺឈាង នាយករដ្ឋមន្ត្រីចិន បាន អញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦ ក្នុងនោះរួមមាន៖
១)អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីបញ្ជីគម្រោងគន្លឹះវង់ទី២សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគចុះហត្ថលេខារវាងលោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោក ចាង យុង អនុប្រធានគណៈកម្មការកំណែទំរង់ និងអភិវឌ្ឍន៍ជាតិ។
២)អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ នៃការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ ចុះហត្ថលេខារវាង លោកអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ និងពេញ សមត្ថភាពសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
៣)អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ស្តីពីការនាំអង្ករកម្ពុជាចំនួន៤០ម៉ឺនតោន ចូលទីផ្សារចិន ចុះហត្ថលេខារវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយ លោក លូ ជុន ប្រធានក្រុមហ៊ុនសាជីវកម្ម COFCO ។
៤) អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីសហប្រតិបត្តិការក្រោមយុទ្ធសាស្ត្រចតុកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ចុះហត្ថលេខារវាង លោកអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក លីវ លានកី ប្រធានធនាគារចិន ។
៥)ផែនការសកម្មភាព ស្តីពីការបង្កើតសហគមន៍វាសនារួម កម្ពុជាចិន ចុះហត្ថលេខារវាង លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាមួយលោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ក្រសួងការបរទេសចិន ។
៦)កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេក ទេស ជាហិរញ្ញប្បទានឥតសំណង ចុះហត្ថលេខារវាង លោកអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនី រ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយតំណាងទីភ្នាក់ងារ សហប្រតិបត្តិការអភិឌ្ឍអន្តរជាតិ របស់ប្រទេសចិន។
ក្រៅពីរឿងរកស៊ីជាក់ស្តែងលោក វ៉ាន់ ហូនីង សមាជិកគណៈអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយនិងជាលេខាធិការនៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ក៏បានអះអាងចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា៖រដ្ឋាភិបាលចិនក្នុងការជួយដោះស្រាយគ្រប់បញ្ហារបស់កម្ពុជាដែលនឹងជួបប្រទះ ។ នេះបើតាមតាមការចេញផ្សាយរបស់ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន ។
លោក វ៉ាន់ ហូនីង សមាជិកគណៈអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ និងជាលេខាធិការនៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន បានបង្ហាញជំហរយ៉ាងមុតមាំរបស់រដ្ឋាភិបាលចិនក្នុងការជួយដោះស្រាយគ្រប់បញ្ហារបស់កម្ពុជាដែលជួបប្រទះដែលក្នុងនោះរួមមានទាំងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដែលសហភាពអឺរ៉ុបគ្រោងនឹងព្យួរផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ដោយសារបច្ចុប្បន្នក្រុមហ៊ុនចិន ដែលកំពុងមានវត្តមាននៅកម្ពុជា មានរោងចក្រជាង៧០០ ក្នុងចំណោមជាង ១ពាន់រោងចក្រ ដែលជាក្រុមហ៊ុនរបស់ចិន ហើយការដែលក្រុមហ៊ុនចិនបន្តធ្វើពាណិជ្ជកម្មនៅកម្ពុជានេះមានសារៈសំខាន់ណាស់សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរ ហើយការដែលធ្វើឱ្យក្រុមហ៊ុនចិននៅកម្ពុជា និងក្រុមហ៊ុនថ្មីទៅរកស៊ីនៅកម្ពុជា គឺស្របទៅតាមទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន។
លោក វ៉ាន់ ហូនីង បានគូសបញ្ជាក់ថា រដ្ឋាភិបាលចិនចាត់ទុក សម្តេចតេជោ ហ៊ុន សែន និងប្រទេសកម្ពុជា គឺជាមិត្តពិត ជាមិត្តដែកថែបរបស់ប្រទេស និងប្រជាជនចិន ដូច្នេះបើកម្ពុជាជួបបញ្ហាអ្វីចិននឹងជួយដល់ប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរផងដែរពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង។
សម្តេចបានគូសបញ្ជាក់ថា វេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២នេះ ទទួលបានជោគជ័យ ហើយតាមការសង្កេតរបស់សម្តេចការផ្តួចផ្តើមនេះ បានក្លាយទៅជាគោលដៅរួមរបស់ប្រទេសទាំងឡាយដែលបានចូលរួមក្នុងវេទិកា «ខ្សែក្រវាត់ និងផ្លូវ» នេះ។ សម្តេចបន្តថា ប្រទេសកម្ពុជាចាប់តាំងពីដើមទីមកបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លា និងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»នេះ ហើយកម្ពុជាបានទទួលនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ការកសាង និងអភិវឌ្ឍន៍ប្រទេសពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»នេះ៕