ក្រចេះ ៖ បន្ទាប់ពីធ្វើការប្រកួតយ៉ាងសកម្ម និងស្វិតស្វាញអស់រយៈពេល០៦ថ្ងៃ នៅលើទីលានពហុកីឡដ្ឋានខេត្តក្រចេះ ដែលរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ពីការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០១៩ បានបញ្ចប់ និងរកឃើញម្ចាស់ជ័យលាភី នៅលើប្រភេទកីឡាទាំងអស់ ជាផ្លូវការហើយ កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ ក្រោមអធិបតីភាព លោក ជាក់ ម៉េង ហ៊ាង អភិបាលរងខេត្តក្រចេះ។
លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ និងគណៈកម្មការរៀបចំការប្រកួត បានឱ្យដឹងថា ឆ្លងតាមការប្រកួតយ៉ាងសកម្ម និងស្វិតស្វាញអស់រយៈពេលប៉ុន្មានថ្ងៃនៃកីឡាសិស្សបឋមសិក្សា មធ្យមសិក្សាទូទាំងខេត្តលើវិញ្ញាសារបាល់ទាត់ បាល់ទះ បាលបោះ អត្តពលកម្ម មកនេះឃើញថា មានកាយវិការរបស់ក្រុមកីឡាបានអនុវត្តការប្រគួតនេះពិតជាឈរលើស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ទាំងអស់នេះ បានបញ្ជាក់ឱ្យឃើញថា វិស័យកីឡាខេត្តក្រចេះ ក៏មានសន្ទុះបោះជំហានទៅមុខមិនអាចប៉ាន់ស្មានបាន ហេីយក៏ជាកត្តាមួយជួយជម្រុញឱ្យវិស័យនេះទទួលបានជោគជ័យ។
លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តក្រចេះ បានអបអរសាទរ ហើយជម្រុញនឹងលើកទឹកចិត្តដល់ថ្នាក់ដឹងនាំមន្ទីរ ការិយាល័យអប់រំយុវជននិងកីឡាខេត្ត ស្រុកក្រុង និងក្រុមកីឡាករកីឡាការនី ក៏ដូចអត្តពលលិកទាំងអស់នៅក្នុងខេត្តក្រចេះ ត្រូវដាក់ចេញនៅផែនការនានា ដើម្បីសំដៅឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)ដែលកម្ពុជានិងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។ លោក បានវាយតម្លៃចំពោះជោគជ័យក្នុងការប្រកួតនៅឆ្នាំនេះថា ពិតជាបានរួមចំណែកជាវិជ្ជមានក្នុងការធ្វើឲ្យរីកចម្រើន នៃសកម្មភាពអប់រំកាយនិងកីឡា នៅទូទាំងខេត្ត ព្រោះថាអប់រំកាយនិងកីឡា រាជរដ្ឋាភិបាន ដែលដឹកនាំដោយសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើវិស័យអប់រំដែលជាវិស័យជាអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានាក្នុងនោះមានអប់រំកាយ និងកីឡាផងដែរ។
សូមបញ្ជាក់ផងដែរថា: ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្តក្រចេះ ប្រចាំឆ្នាំសិក្សា២០១៨-២០១៩នេះ ផ្នែកកីឡាបាល់ទាត់បុរសជ័យលាភីលេខ១ បានទៅយុវជនក្រុងក្រចេះ ជ័យលាភីលេខ២ បានទៅយុវជនស្រុកឆ្លូង និងជ័យលាភីលេខ៣ បានទៅយុវជនស្រុកស្នួល។ ចំណែកឯ ផ្នែកកីឡាបាល់ទាត់នារី ដែលទទួលជយលាភីលេខ១បានទៅយុវនារីក្រុងក្រចេះ ជ័យលាភីលេខ២ បានទៅយុវនារីស្រុកស្នួល និងលេខ៣ បានទៅយុវនារីស្រុកចិត្របុរី៕
ដោយ កិះ ខន