ភ្នំពេញ ៖ គ្រឿងសមុទ្រមានសារធាតុគីមី ពីវៀតណាមជាង៧តោនកន្លះដែលឈ្មួញដឹកចូលស្រុកខ្មែរកម្ពុជា ត្រូវបានសមត្ថកិច្ចតាមផ្លូវចាប់បានកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ កុំអីខ្មែរងាប់ហ្ម៉ង..?
សមត្ថកិច្ចបានអោយដឹងថា៖បង្ក្រាបការនាំចូលបង្គា និងគ្រឿងសមុទ្រមានសារជាតិគីមីជាង ៧តោនកន្លះធ្វើឡើង នៅចំណុចគីឡូម៉ែត្រលេខ១៥ ផ្លូវជាតិលេខ៣ ខណៈកំពុងដឹកតាមរថយន្តបីគ្រឿងពីប្រទេសវៀតណាម ចូលមកចែកក្នុងរាជធានីភ្នំពេញ ។
បង្គា និងគ្រឿងសមុទ្រប្រើសារធាតុគីមីនេះ ដែលនាំចូលពីប្រទេសវៀតណាមដោយពុំមានច្បាប់អនុញ្ញាត គឺបានដឹកតាមរថយន្តចំនួន ៣គ្រឿង មានរថយន្តម៉ាក HYUNDIA ស្លាកលេខ 3A-0869 មួយគ្រឿង ម៉ាកសាំងយ៉ុងកែច្នៃ 2A-0342 មួយគ្រឿង និងម៉ាក HYUNDIA គ្មានស្លាកលេខ មួយគ្រឿង។
មន្ត្រីជំនាញបានត្រួតពិនិត្យលើរថយន្តទាំងបីគ្រឿងនេះហើយបានឆែកឆេរជាក់ស្តែងរកឃើញមានបង្គា (បង្គាមានចាក់សារធាតុម្យ៉ាងខាប់ដូចចាហួយចូលក្បាលបង្គា) និងគ្រឿងសមុទ្រមួយចំនួនដោយគ្មានច្បាប់អនុញ្ញាតចំនួន ៣៧៦កេស ស្មើនឹងប្រមាណ ៧,៥២០គីឡូក្រាម។
គ្រឿងសមុទ្ទដែលមានហានិភ័យដល់សុខភាពប្រជាជន ត្រូវបានលោកព្រះរាជអាជ្ញារង ខាំ សុផារី បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ននៅនាយកដ្ឋាន (ដោយយកវត្ថុតាងមួយចំនួនទៅធ្វើការពិសោធន៍រកសារធាតុហាមឃាត់) ។បន្ទាប់មកបានបញ្ជាឲ្យយកបង្គាដែលមានចាក់បញ្ចូលសារធាតុគីមីដូចបានរៀបរាប់ខាងលើ យកទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាមបឹងជើងឯក នៅវេលាល្ងាចថ្ងៃដដែល។
ចំណែកអ្នកបើកបររថយន្តចំនួន ៣នាក់ ត្រូវបាននាំខ្លួនមកសាកសួរបំភ្លឺនៅនាយកដ្ឋាន ដើម្បីស្វែងរកម្ចាស់បន្តនីតិវិធីតាមផ្លូវច្បាប់។
ប្រជាជនមានជំនឿថា៖ មន្ត្រីនគរបាលយុត្តិធម៍អាច រកអោយឃើញពីអ្នកផ្តើមគំនិត ជាម្ចាស់ទំនិញ ហើយក៏មិនត្រូវបញ្ចប់ត្រឹមការមិនស្រាវជ្រាវដើម្បីរកមុខជនទុច្ចរិតជាឃាតករសម្លាប់ប្រជាជនខ្មែរជាលក្ខណះប្រយោលនេះឡើយ ៕