រាជធានីភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវអនុសាសន៍ណែនាំចំនួន៨ចំណុចដល់កងកម្លាំងនគរបាល និងមន្ត្រីរាជការស៊ីវិលនៅក្រុមឱវាទក្រសួងមហាផ្ទៃ។
អនុសាសន៍ទាំង៨របស់សម្តេចតេជោ ហ៊ុន សែន រួមមាន៖
ទី១៖ ត្រូវបន្ដថែរក្សាសុខសន្ដិភាព ស្ថេរភាពនយោបាយ អធិបតេយ្យ បូរណភាពទឹកដីប្រឆាំងដាច់ខាតនៅបដិវត្ដពណ៌ និងរាល់សកម្មភាពដែលប៉ុនប៉ងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ជាតិ។ កងកម្លាំងរបស់នគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់ ត្រូវសហការជាមួយក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ដទៃទៀត ការពារសន្ដិភាព សន្ដិសុខជាតិ ទប់ស្កាត់និងបង្ក្រាបឲ្យទាន់ពេលវេលារាល់សកម្មភាពចលាចល និងភាពវឹកវរក្នុងសង្គម។
ទី២៖ អគ្គស្នងការនរគរបាលជាតិ នឹងបញ្ជាការឯកភាពគ្រប់ថ្នាក់ត្រូវបន្ដរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គម តាមរយៈការពង្រឹងសមត្ថភាពជំនាញ វិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ដល់កងកម្លាំងនគរបាលជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ក្រសួងស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ សង្គមស៊ីវិល វិស័យឯកជន ប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ រួមគ្នាទប់ស្កាត់បង្ក្រាបបទល្មើសគ្រឿងញៀន ខុសច្បាប់ សកម្មភាពលួចឆក់ប្លន់ និងបន្ដពង្រឹងច្បាប់ស្ដីពីចរាចរផ្លូវគោក បន្ដទប់ស្កាត់អគ្គីភ័យ ដើម្បីអនុវត្ដគោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងការរស់នៅរបស់ប្រជាជនប្រកបដោយសុខសន្ដិភាព និងសុវត្ថិភាព។
ទី៣៖ ត្រូវបន្ដកិច្ចសហប្រតិបត្ដិការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងប្រទេសជិតខាងក្នុងតំបន់ និងអន្ដរជាតិដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មអន្ដរជាតិ ឧក្រិដ្ឋកម្មព័ត៌មានវិជ្ជា និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដើម្បីពង្រឹងសន្ដិសុខនិងសណ្ដាប់ធ្នាប់ក្នុងសង្គម។
ទី៤៖ ត្រូវពង្រឹងការទទួលខុសត្រូវ ក្នុងការព្រប់គ្រងជនអន្ដោប្រវេសន៍តាមរយៈការយកចិត្ដទុកដាក់ និងការលើកម្ពស់ការគ្រប់គ្រង ការចេញចូលតាមច្រកព្រំដែនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ទទឹមនឹងនេះត្រូវបង្កើនកិច្ចសហការក្នុងការ គ្រប់គ្រងក្នុងការស្នាក់នៅ ការប្រកបមុខរបរ និងសកម្មភាពជនបរទេស ជនអន្ដោប្រវេសន៍នៅក្នុងប្រទេស ស្របតាមច្បាប់ជនអន្ដោប្រវេសន៍ ច្បាប់ការងារ និងលិខិតបទដ្ឋាននានាជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។
ទី៥៖ អំពីការកែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ត្រូវបន្ដការយកចិត្ដទុកដាក់ជំរុញការផ្ទេរមុខងារ ធនធាន ពីក្រសួងស្ថាប័ននានាទៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រគល់ ការធ្វើប្រតិភូកម្មអំណាច ការចាត់ចែងអនុវត្ដមុខងារដែលបានផ្ទេរប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ។ ទន្ទឹមនឹងនេះនៅថ្ងៃទី២៦ ខែឧសភា ខាងមុខ កម្ពុជានឹងរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ លើកទី៣ ស្របតាមអាណត្ដិ ដែលបានកំណត់ក្នុងច្បាប់។ សូមឲ្យក្រសួង និងស្ថាប័ននានា រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានា ចូលរួមក្នុងដំណើរការបោះឆ្នោតឲ្យបានពេញលេញ ត្រឹមត្រូវតាមច្បាប់កំណត់។
ទី៦៖ ត្រូវធ្វើឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការផ្ដល់សេវាសាធារណៈ ដែលស្ថិតក្រោមដែន សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ តាមរយៈការពង្រីកការផ្ដល់សេវាថ្នាក់ក្រោមជាតិ តាមយន្ដការឃុំ សង្កាត់ ច្រកចេញចូលតែមួយនៅថ្នាក់ក្រោមជាតិ ឲ្យបានកាន់តែទូលំទូលាយថែមទៀត ដើម្បីបង្ខិតការផ្ដល់សេវានានា ឲ្យកៀកជិតប្រជាពលរដ្ឋ។
ទី៧៖ ផ្អែកតាមការព្យាករណ៍ប្រទេសយើងនិងអាចមានអាកាសធាតុក្ដៅហួតហែង ហើយរដូវប្រាំងត្រូវអូសបន្លាយយូរជាងឆ្នាំមុន ដូច្នេះសូមឲ្យក្រសួងធនធានទឹក ត្រូវសហការជាមួយរដ្ឋបាលរាជធានីខេត្ដ ដើម្បីត្រួតពិនិត្យប្រព័ន្ធទឹក នៅតាមមូលដ្ឋាន ទាំងប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាវប្រចាំថ្ងៃ និងបង្ករបង្កើនផល រដូវប្រាំង ដើម្បីមានវិធានការ ការពារនិងប្រើប្រាស់ប្រភពទឹកដែលនៅសេសសល់សម្រាប់ប្រើប្រាស់ក្នុងជីវភាព ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្រសួងស្ថាប័ននានា ដែលរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ រួមទាំងកង កម្លាំងប្រដាប់អាវុធ ត្រូវត្រៀមលក្ខណៈអន្ដរាគមន៍ ដើម្បីដឹកជញ្ជូនទឹកជូនប្រជាជននៅមូលដ្ឋាន ដោយមិនទុកឲ្យប្រជាជនរងគ្រោះដោយសារការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃនោះឡើយ។ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ដ ណែនាំអប់រំប្រជាជន នៅតាមមូលដ្ឋានឲ្យថែរក្សាសុខភាព ការពារជំងឺឆ្លងរាតត្បាត តាមកសិដ្ឋាននានា និងត្រូវមានវិធានការជួយអន្ដរាគមន៍ ក្នុងការព្យាបាលជំងឺទាំង មនុស្ស និងសត្វឲ្យបានទាន់ពេលវេលា។
ទី៨៖ ត្រូវរួមគ្នាធ្វើការដើម្បីការលូតលាស់ខាងសេដ្ឋកិច្ច ដើម្បីបន្ដពង្រឹងឯករាជ្យភាពខាងនយោបាយរបស់យើង យើងមិនត្រូវយកអធិបតេយ្យភាពរបស់យើងទៅដោះដូរ ជាមួយជំនួយណាមួយនោះឡើយ។ ប្រទេសមួយបើមិនអាចអនុវត្ដច្បាប់របស់ខ្លួនបាន មិនចាំបាច់ហៅថា រដ្ឋអធិបតេយ្យនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់បកស្រាយអំពីលទ្ធភាព ក្នុងការទប់ទល់ជាមួយនឹងការដក ប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើលែងតែអាវុធ (EBA) ផងដែរ។
សម្តេចបញ្ចាក់ថា «ទោះមាន ឬគ្មាន EBA ក៏វាមិនធ្វើឱ្យយើងស្លាប់ ហើយវាក៏មិនធ្វើឱ្យយើងក្លាយជាអ្នកមានបានដែរ បញ្ហារកស៊ីបង់ពន្ធឱ្យគេ គេបង់ពន្ធឱ្យយើង គឺជារឿងស្មើភាពសមហេតុសមផល ដែលយើងមិនចង់ឱ្យនរណាប្រើប្រាស់នូវភាពអនុគ្រោះ ហើយបែរជាមកបង្វិលក្បាលយើង តាមចិត្តចង់នោះទេ»។
សម្តេចតេជោ ហ៊ុន សែន ៖ «ខ្ញុំបានបញ្ជាក់តាំងពីដើមទីមកថា មិនអាចយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយជំនួយអ្នកណាទាំងអស់ ដូច្នេះហើយបានជាយើងត្រូវខិតខំ ហើយខ្ញុំសូមបញ្ជាក់ថា EBA នេះយូរ ឬឆាប់វាគង់តែបាត់ទេ នៅពេលណាដែលសេដ្ឋកិច្ច របស់យើងដើរដល់ដំណាក់កាលមួយ ពេលនោះវានឹងបាត់ដោយស្វ័យប្រវត្តិ»។ការរស់ពឹង EBA មិនអាចពឹងឲ្យកម្ពុជាក្លាយជាប្រទេសអ្នកមាននោះឡើយ។
សូមប្រជាពលរដ្ឋ កុំខ្វល់ទៅនឹងសម្តីអ្នកដទៃ បើនៅតែអាចបន្តបើកប្រាក់បៀវត្សរ៍ និងអាចប្រកបរបបទទួលទានជាប្រក្រតីនោះ។ កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយសហភាពអឺរ៉ុប និងជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ អាស៊ី-អឺរ៉ុប លើកទី១៣ នៅឆ្នាំ២០២០ ដោយមិនធ្វើឲ្យបញ្ហា EBA ប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-អឺរ៉ុបនោះឡើយ ។បើតាមសម្តេចតេជោហ៊ុនសែន៖នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានតែប្រទេសចំនួន៣ តែប៉ុណ្ណោះដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហគមន៍អឺរ៉ុប រួមមាន៖ ប្រទេសកម្ពុជា, ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា។
សូមរំឭកថា កាលពីថ្ងៃទី១១កុម្ភៈ គណៈកម្មការសហភាពអឺរ៉ុប បានប្រកាសជាផ្លូវការ នូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ន ចំពោះប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»ពីប្រទេសកម្ពុជា ។មូលហេតុគេបានចោទប្រកាន់លើ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគោរពសិទ្ធិមនុស្ស សិទ្ធិសហជីព និងលទ្ធិប្រជាធិបតេយ្យជាដើម។ ការចូលជាធរមាន នៃការដក EBA នឹងមាន រយៈពេល១៨ខែ ពេលគឺ EBA នេះអាចដកចេញពីកម្ពុជា នៅក្នុងឆ្នាំ២០២០៕