ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានអញ្ជើញពិនិត្យ ដំណើរការរៀបចំត្រៀមសម្ពោធ វិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ មុនសម្ពោធជាផ្លូវការ បានប្រកាសឲ្យដឹងថាសាលារាជធានី បានត្រៀមរថយន្តក្រុងសាធារណៈ៦០គ្រឿង សម្រាប់ដឹកអ្នកដំណើរ ដែលចង់ចូលរួមលេងកម្សាន្តនាឱកាសនោះ ដោយមិនតម្រូវឲ្យបង់ប្រាក់ឡើយទាំងមកពីត្រើយខាងលិច និងត្រើយកើតទន្លេ។
លោក ឃួង ស្រេង បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រួមជាមួយស្ថាប័នពាក់ព័ន្ធ ជំរុញការលាងសំអាតផ្លូវថ្នល់ វិថីឈ្នះឈ្នះ ដោយត្រូវបូមដី រៀបចំទីតាំងចំណត កែលំអរបរិស្ថាន ជុំវិញទីតាំងប្រារព្វពិធី ឲ្យបានស្អាតរួមទាំងពិនិត្យ បន្ថែមការតុបតែងលំអរ ភ្លើងបំភ្លឺទាំងខាងក្នុង និងខាងក្រៅបរិវេណវិមានឈ្នះ ឈ្នះ ។
លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំមន្ទីរសាធារណៈ បន្ថែមធុងសំរាម នៅជុំវិញទីតាំងប្រារព្ធពិធីចំនួន១៥០ទៀត ។ លោកអភិបាលរាជធានីបានអំពាវនាវ ឲ្យប្រជាពលរដ្ឋអញ្ជើញចូលរូមកំសាន្ត សប្បាយរីករាយឲ្យបានច្រើនកុះករ៕