សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ខឿវ​ការ​ញ៉ា​រិទ្ធ​រំលឹក​រឿង​ភេរវ​ករប៉ុនប៉ង​ធ្វើឃាត​សម្តេច​ច​តេជោ​នៅ​សៀមរាប​

​លោក​ខឿវ​ការ​ញ៉ា​រិទ្ធ​រំលឹក​រឿង​ភេរវ​ករប៉ុនប៉ង​ធ្វើឃាត​សម្តេច​ច​តេជោ​នៅ​សៀមរាប​

ភ្នំពេញ ៖ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​មន្ត្រី​ជំនិត ជាន់ខ្ពស់​របស់​សម្តេច​តេជោ បាន​ចេញ​មុខ​បរិយាយ ខួប​ឆ្នាំ​ទី​២០ នៃ​ការប៉ង​ធ្វើឃាត មិនបាន​សម្រេច​មួយ មកលើ​ក្បួន​រថយន្ត សម្តេច​តេជោ ហ៊ុន សែន ។

​ខ្លឹមសារ​ទាំងស្រុង :
​ថ្ងៃ​នេះ​សម្តេច​តេជោ​រំលឹក​ពី​ខួប​ទី ២០ នៃ​ការប៉ុនប៉ង​ធ្វើឃាត​សម្តេច នៅ​សៀមរាប ។ ខ្ញុំ​សូម​អនុញ្ញាត រំលឹក​រឿង​នេះ ព្រោះ​កាល​នោះ​ខ្ញុំ​នៅ​ជាប់ នឹង​ការងារ​នេះ ។ ហើយ​បើ​និយាយ​រឿង​នេះ ខ្ញុំ​នៅតែ​ព្រឺព្រួច​នឹកឃើញ​សំដី លោក ជីវ​តាក្វាន់ ពេលដែល​លោក​មក​ប្រទេស​ខ្មែរ​សម័យអង្គរ ។ ពិតមែន​តែ​សម័យ​លោក ជីវ​តាក្វាន់ មកដល់​ស្រុក​ខ្មែរ ប្រទេស​យើង​ចាប់ផ្តើម ទន់ខ្សោយ​ខ្លះ​ហើយ​ក្តី ក៏​ប៉ុន្តែ​ចំនុច​មួយ​ដែល​លោក ជីវ​តាក្វាន់ កត់សំគាល់ គឺៈ​«​ទេវតា​រក្សា​ស្រុក​នេះ ខ្លាំង​ពូកែ​ណាស់​» ។​

​ថ្ងៃ ២៤ កញ្ញា ១៩៩៨ គឺជា​ថ្ងៃ​ដែល​សម្តេចឪ កំនត់​ជា​ថ្ងៃ​គណបក្ស​ដែល​បាន​ទទួល​អាសនៈ​ក្នុង​សភា​ចូល​ប្រជុំ​នៅ​សៀមរាប និង​ទៅ​ស្បថ​នៅមុខ​អង្គរ ។ យើង​ត្រូវ​ទៅ​ជួបជុំគ្នា​នៅ​សៀមរាប​តាំងពី​ថ្ងៃ​ទី ២៣ កញ្ញា (​សម័យ​នោះ មិន​មាន​ជើងយន្តហោះ​ច្រើន​ទេ ហើយ​ផ្លូវ​មិន​មាន​សុវត្ថិភាព ១០០% ដូច​ពេល​នេះ​ដែរ​) ។ នៅ​រសៀល​ថ្ងៃ​ទី ២៣ សម្តេច​តេជោ នឹង​មកដល់​ជុំ​ជាមួយ​ពួក​យើង​ដែល​សំរាក នៅ​សណ្ឋាគា​រលោក សៀង​ណាំ ។ តែ​នៅ​យប់​ថ្ងៃ​ទី ២២ កញ្ញា សម្តេច​បាន​យល់សប្តិ​ឃើញ​ព្រលឹង​ម្តាយ​របស់​លោក​មក​ប្រាប់ថា បើ​ទៅ​សៀមរាប​ត្រូវ​ទៅ​ដុត​ធូប​សុំ​សុខ នៅ​វត្ត​ព្រះអង្គ​ខ្មៅ ។ សម្តេច​អត់​ស្គាល់​វត្ត​ព្រះអង្គ​ខ្មៅ នៅ​ឯ​ណា​ទេ ។ លុះ​ព្រឹក​ថ្ងៃទី ២៣ លោក​បាន​អោយ​គេ​សួរ​ទើប​ដឹង​ថា​វត្ត​ព្រះអង្គ​ខ្មៅ​នេះ នៅក្នុង​អង្គរធំ តាម​ផ្លូវ​ទៅ​ប្រាសាទបាយ័ន​តែម្តង ។​

​នៅ​រសៀល​ថ្ងៃ​ទី ២៣ នោះ សម្តេច​និង​សមាជិក​ជាប់ឆ្នោត​ជា​សភា​នៃ​គណបក្ស​ប្រជាជន​ទាំងអស់ បាន​ជិះ​រថយន្តក្រុង​រួមគ្នា​មួយ (​រួម​ទាំង​ខ្ញុំ​ផង​) ទៅ​វត្ត​ព្រះអង្គ​ខ្មៅ ។ ក្រុម​អភិរក្ស​អង្គរ​បាន​អោយដឹងថា ហេតុ​បាន​ជា​វត្ត​នេះ​មាន​នាម​វត្ត​ព្រះអង្គ​ខ្មៅ​យ៉ាងនេះ ដោយ​ក្នុង​សម័យ​សង្គ្រាម សាសនា​ក្រោយ​អង្គរ រវាង​ព្រហ្មញ្ញ និង ពុទ្ធ​សាសនា គេ​បាន​ដុត​វត្ត​នេះ​រោលរាល ទាំង​ព្រះ​បដិមា​ព្រះពុទ្ធ​ឡើង​ខ្មៅអ៊ូញ ទើប​គេ​អោយឈ្មោះ​វត្ត​នេះ​រហូត​មក ។​

​ក្រោយពី​ធ្វើការ​បន់ស្រន់​ហើយ សម្តេច​បាន​ចាក់​គម្ពីរ ត្រូវ​ត្រង់​ព្រះ​ពោធិសត្វ​ប្រសូត​នៅក្នុង​រាជវង្ស តែ​ព្រះអង្គ​មិន​មាន​បន្ទូល អី​ទាំងអស់ ដូចជា​គ​ថ្លង់ រហូត​ដល់​ព្រះ​បី​តា​ទ្រាំ​លែង​បាន​បញ្ជាា​អោយ​យកទៅ​សំលាប់ចោល តែ​មិន​សុគត ។ គម្ពីរ​បានចែង​ថា «​មាន​ការលំបាក​មុន តែ​ចុងក្រោយ​ល្អ​ណាស់​» ។ សម្តេច​តេជោ បាន​មើលឃើញ​ការ ប្រជុំ​នៅ​ថ្ងៃស្អែក​ទី ២៤ កញ្ញា គឺ​មានន័យ​ដូច​គម្ពី​រថា «​ដល់​ក្រោយ​ល្អ​ណាស់​»​នោះឯង ។ នៅក្នុង​រថយន្ត​សម្តេច​សួរថា «​អ្នកណា​ចង់​ទៅ​ណា ទាន់​អញ​មាន​លុយ​?» (​សម្តេច​តែង​មាន​ទំលាប់​និយាយ​ជាមួយ​ពួក​ខ្ញុំ​អញ​) ខ្ញុំ​បាន​តប​ថា «​បង​ជា​នាយករដ្ឋមន្ត្រី​នៅ​តែ​មួយ​កន្លែង​ទៅ លុយ​ទុក​អោយ​ខ្ញុំ​ដើរ​ចាយ​វិញ​» ។ នៅ​យប់​នេះ ចាប់ពី​ពេល​អធ្រាត្រ​ទៅ ស្រាប់តែ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​រហូតដល់​ភ្លឺ ។ គឺ​ភ្លៀង​នោះ​ហើយ​ដែល​បាន​ជួយសង្គ្រោះ​ជីវិត​សម្តេច​តេជោ …..(​នៅ​មាន​ត​) ។​(​បន្ត​ភាគ​)…. ភ្លៀង​ធ្លាក់​ជោកជាំ​រហូតដល់​ម៉ោង ៦ ព្រឹក​ទើប​ដាច់ ។ ខ្ញុំ​ក៏​ចេញ​ទៅ​ស្រស់ស្រូប​នៅ​ភោជនីយដ្ឋាន «​បន្ទាយស្រី​» ដោយ​យក​ក្រុម​អង្គរក្ស​ផ្ទាល់​របស់​សម្តេច​ស្ទើរ​ទាំងអស់​ទៅ​ជាមួយ (​ខ្ញុំ​ចាំ​ថា នៅ​ព្រឹក​នោះ អស់ ៩០ ដុល្លារ​) ។​

​ស្រស់ស្រូប​ស្ទើរ​មិនទាន់​ចប់​ផង ភ្លៀង​ចាប់ផ្តើម​បង្អុរ​យ៉ាង​ខ្លាំង​មក​ទៀត (​នៅ​ម៉ោង​ជិត ៧ ) ។ ពួកយើង​ប្រញាប់​រូតរះ​មក​សណ្ឋាគារ​វិញ ហើយ​ចាប់ផ្តើម​ស្លៀក​ក្បិន (​មាន​ក្រុម​ខាង​វិចិត្រសិល្បៈ​មកពី​ភ្នំពេញ​ជួយ​ចងក្បិន​យើង​) ។ តាម​ការរៀបចំ សម្តេច​ត្រូវ​ទៅដល់​ព្រះរាជដំណាក់​មុនគេ ហេតុ​នេះ​យើង​ត្រូវ​ចេញ​មុន​គណបក្ស​នានា (​មុន​ទាំង​សម្តេច​ជាស៊ីម​ជា​ប្រធាន​បក្ស​ទៅទៀត​) ។ សម្ត​ច​ជិះ​រថយន្ត​ទី ២ បន្ទាប់​ពី​ឡាន​នាំមុខ ហើយ​ឧបនាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល ជិះ​រថយន្ត​តូច​បន្ត ។ ពួក​ខ្ញុំ​ជិះឡាន មី​នី​វ៉ាន់ ប​ន្ព​ពីក្រោយ​ឡានតូច ។ ដោយ​ខ្ញុំ​ចង់​ថតរូប​បាន​ល្អ​ផង ខ្ញុំ​ក៏​ទៅ​អង្គុយ​មុខ​គេ​ជាប់​អ្នក​បើក​ឡាន (​ឡាន​ចង្កូត​ស្តាំ​កាលនោះ​) ហេតុ​នេះ​ខ្ញុំ​អង្គុយ​ខ្ពស់​ជាង​ឡានតូចៗ​ដែល​នៅ​មុខ ។​

​យើង​អង្គុយ​ជជែក​គ្នា​សើច​លេង​ពេញ​រថយន្ត ស្រាប់តែ​ឮសូរ​ក្ឌាំង ។ ខ្ញុំ​សំលឹង​មើល​ទៅ​មុខ ឃើញ​ផ្សែង​ខៀវ​ពណ៌​ពង​ក្រសារ​មួយ​ដុំ​ក្រាស់​នៅ​ខាងស្តាំ​ដៃ តែ​មិន​ដឹង​មានរឿង​អី​ទេ ។ អង្គរក្ស​នៅ​អង្គុយ​ជាមួយ​សម្តេច​ប្រាប់​ខ្ញុំ​ថា នៅពេល​នោះ​សម្តេច​កំពុង​អោន​ជូត​វ៉ែនតា ហើយ បន្ទាប់ពី​នោះ​ភ្លាម លោក​សួរ​ថា​មានអី​គេ​ណឹង ? ទាំងអស់គ្នា អត់​ដឹង​ថា​ជា​អី​ទាំងអស់ (​ព្រោះ​គ្មាន​អ្នក​ណា​មើលឃើញ​គ្រាប់​រត់​កាត់​ពីលើ​កា​ប៉ូ​ឡាន​ទាន់​ទេ​) ។ ហើយ​ក្បួន​ចេះតែ​បន្តដំណើរ​ទៅ ។ ពេល​ឡាន​ខ្ញុំ​មក​ដល់​កន្លែង​បាញ់​នេះ ក៏​អត់​ចាប់ភ្លឹក​អី​ដែរ ព្រោះ​មិន​បាន​មើល​ទៅ​ផ្ទះ​ដែល​ខូចខាត​នៅ​ឆ្វេង​ដៃ (​ហើយ​បើ​ឃើញ​ខូចខាត ក៏​មិន​ចាប់អារម្មណ៍​ដែរ ព្រោះ​សម័យ​នោះ​មិន​មាន​ផ្ទះ​ថ្មី​ទេ​) ។​

​ដោយ​ឃើញ​ម្តុំនោះ មាន​កន្លែង​ប៉ះ​កង់​ជាច្រើន​រួម​ទាំង​បំពង់ខ្យល់​ផង ខ្ញុំ​ក៏​គិតថា​ជា​ការផ្ទុះ​បំពង់ខ្យល់ ហើយ ក៏​និយាយ​លេង​ប្រាប់​គ្នា​ថា «​ពី​សម័យមុន តែ​ផ្ទុះ​បែប​នេះ​ច្បាស់​ជា​កំបុត ក ហើយ​» ។ ក្បួន​យើង​ទៅដល់​ព្រះរាជដំណាក់ ដោយ​មាន​ការទទួល​តា​ម​ពិធីការ ហើយ​ពួក​យើង​ជា​សមាជិក​គណបក្ស​ប្រជាជន​ត្រូវ​គេ​ដាក់​អោយ​អង្គុយ​តាម​កន្លែង​ទៅ​តាម​អាយុ ។ សម្តេច សខេង មាន​អាយុ​ស្មើ​ខ្ញុំ​ហេតុ​នេះ​នៅ​អង្គុយ​ជាប់​ជាមួយ​ខ្ញុំ ក្នុង​សម័យប្រជុំ​ទី​មួយ​សភា ប្រធាន​បក្ស​នានា ដែល​មាន​អាសនៈ​ក្នុង​សភា អង្គុយ​កៅអី​ជួរ​មុខ​ទាំងអស់គ្នា ។ នៅពេល​នោះ​ទើប​សម្តេច សខេង (​នៅ​ជា​រដ្ខមន្ត្រី​មហាផ្ទៃ​) បាន​ទទួល​ទូរ​សព្ទ​មក​ថា មានការ​បង្កៃ​គ្រាប់បេ​៤០ បួន​គ្រាប់​លាក់​ក្នុង​គុម្ព​ផ្កា​ក្រដាស អម​ផ្លូវ ហើយ​បញ្ជា​ដោយ​ប្រព័ន្ធ​ទូរ​សព្ទ​ចល័ត ។​

​សំណាង​ដោយសារ​យប់នោះ​មាន​ភ្លៀង​ធ្វើអោយ​សើម​ប្រពន្ធ័ត​ខ្សែ​ទើប ផ្ទុះ​តែ​មួយ​គ្រាប់​ខាងដើម បើ​ផ្ទុះ​ទាំង ៤ គ្រាប់​សម្តេច​តេជោ​គ្មាន​សល់​អី​ទេ (​រថយន្ត​លោក​ជិះ​ជា​រថយន្ត Land Cruiser ធម្មតា មិនមែន​ពាស​ដែក​ទេ​) ។ នៅក្នុង​សម័យ​នោះ បញ្ឆិត​ទល់មុខ​កន្លែង​បង្កៃគ្រាប់ គឺជា​រង្គសាល​ដែលមាន​រាំរែក​រហូត​ជិត​ភ្លឺ ហើយ​កន្លែង​ទល់មុខ រួម​ទាំង​កន្លែង​បង្កៃគ្រាប់ (​នៅ​ឆ្ងាយ​ពី​គេ​បន្តិច​) ជា​កន្លែង​ដែល​តែង​មាន​អ្នក​ម៉ូតូឌុប​នៅ​រង់ចាំ​ភ្ញៀវ ហេតុ​នេះ​ពួកគេ​អាច​សំងំ​បង្កៃគ្រាប់​បាន ។ សម្តេច សខេង អោយ​ខ្ញុំ​ទៅ​រាយការណ៍​ជូន​សម្តេច​នៅ​ជួរមុខ ។ សម្តេច​នៅ​ស្ងៀម ។ ខ្ញុំ​ក៏​ត្រលប់​មក​អង្គុយ​វិញ ។​

​បន្តិច​មក​ទៀត ក្រុម​សន្តិសុខ​បាន​លើក​សំនួរ​មួយទៀត ។ នោះ​គឺថា​តើ​សម្តេច​គួរ​បន្ត​ទៅ​ស្បថ​នៅ​អង្គរវត្ត​ទេ ? (​តាម​ផ្លូវ​ទៅ​អង្គរវត្ត​សុទ្ធតែ​ព្រៃ​ក្រាស់ មិន​ដូច​ពេលនេះ​ទេ​) ព្រោះ​មិន​បាន​ត្រៀម​មាន​បញ្ហា​នេះ​កើតឡើង ពោល​គឺ​ត្រៀមកំឡាំង​សន្តិសុខ (​តែ​បើ​មិន​ទៅ​ស្បថ​គឺ​មិន​ពេញ​សិទ្ធិ​ជា​តំនាងរាស្ត្រ​ទេ​) ។ សម្តេច សខេង អោយ​ខ្ញុំ​ទៅ​សួរ​សម្តេច​តេជោ​ម្តងទៀត …….​នៅ​មាន​វគ្គ​បន្ត​

 

Filed in: ព័ត៌មានជាតិ