សៀមរាប ៖ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីតេជោនាយករដ្ឋមន្ត្រីហ៊ុន សែននៃកម្ពុជា បានបង្ហោះសារពីការឈឺចាប់របស់ប្រជាពលរដ្ឋចំពោះមន្ត្រីសូរិយាដីខេត្តសៀមរាប ដែលយឺតយ៉ាវក្នុងការចេញ ប័ណ្ណកម្មសិទ្ធិដីធ្លី, ត្រូវពន្ធដារផាកពិន័យសាហាវ ។
តាមរយៈហ្វេសប៊ុកលោកស្រី ហ៊ុន ស៊ីណាត សរសេរថា “នាងខ្ញុំឈ្មោះ ហ៊ុន ស៊ីណាត ជាពលរដ្ឋមានផ្ទះនៅក្នុងបុរីសៀងណាំក្នុងខេត្តសៀមរាប បានទទួល បង្កាន់ដីសម្គាល់ក្បាល់ដីតាំងពីឆ្នាំ២០១៣ មកម្លេះ តែមកដល់ពេលនេះឆ្នាំ២០១៨ ប្លង់ដីរបស់នាងខ្ញុំនៅតែមិនទាន់ចេញដល់ដៃនូវឡើយនោះទេ ដែលនេះជាហេតុធ្វើឱ្យនាងខ្ញុំមានការព្រួយបារម្ភ ចំពោះដីនេះយ៉ាងខ្លាំង។
ក្នុងនោះមិនមែនមានតែក្រុមគ្រួសាររបស់នាងខ្ញុំនោះទេ ក្រុមគ្រួសារទាំងអស់ស្ថិតក្នុងបុរីសៀងណាំខេត្តសៀមរាមក៏មានការព្រួយបារម្ភជារៀងរាល់ថ្ងៃចំពោះទ្រព្យសម្បត្តិរបស់ខ្លួនដែលប្រឹងប្រែងរកមួយជីវិតមកហើយយកទៅទិញដីក្នុងបុរីតាំងពីឆ្នាំ២០១៣ តែមិនមានប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ប្រគល់ឱ្យពួកគាត់ឡើយ។
បន្ទាប់ពីទិញដីក្នុងបុរីសៀងណាំនាងខ្ញុំ និងក្រុមគ្រួសារជាច្រើន ទទួលបានបង្កាន់ដៃសម្គាល់ក្បាលដីដែលចេញតាំងពីឆ្នាំ ២០១៣ តែរហូតមកដល់ថ្ងៃខែសីហា ឆ្នាំ២០១៨ នេះ ពួកយើងទាំងអស់គ្នាពុំទាន់បានទទួលប័ណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិអចលនវត្ថុឡើយ។ រយៈពេល៥ឆ្នាំមកនេះ នាងខ្ញុំមានការព្រួយបារម្ភជាខ្លាំងអំពីបញ្ហានេះ នាងខ្ញុំគិតថាដីរបស់នាងខ្ញុំហាក់ដូចជាមានបញ្ហាអ្វីមួយនៅពីក្រោយខ្នងរឿងនេះ បានជារដ្ឋមិនព្រមចេញប្លង់រឹងឱ្យ។
ទាំងអស់នេះវាជាបញ្ហាដែលត្រូវចោទសួរថា តើក្រសួងរវល់ធ្វើអ្វីបានជាមិនព្រមចេញប្លង់រឹងជូននាងខ្ញុំ ហ៊ុន ស៊ីណាត និងប្រជាពលរដ្ឋនៅក្នុងបុរីសៀងណាំនេះ? ចម្លើយនេះពិតជាមិនដឹងត្រូវឆ្លើយយ៉ាងណាឱ្យសាកសមនោះទេ ប្លង់ដីជាច្រើនក្នុងប្រទេសកម្ពុជាត្រូវបានធ្វើការចេញជូនម្ចាស់ដី ចម្លែកអីដីមួយកន្លែងក្នុងបុរីសៀងណាំខេត្តសៀមរាប ក្រសួងគ្មានពេលវេលាធ្វើប្លង់ចេញជូននាងខ្ញុំនិងប្រជាជនផ្សេងៗទៀត ឬដីមួយដុំនោះមានបញ្ហាអ្វីដែលមិនអាចចេញប្លង់បាន ហើយចេញបានត្រឹមតែបង្កាន់ដៃសម្គាល់លេខក្បាល់ដីបែបនេះ។
ប្រសិនបើក្រសួងមានការរវល់ខ្លាំងយ៉ាងណាបន្ទាប់ពីចេញបង្កាន់សម្គាល់លេខក្បាលដីក្នុងឆ្នាំ២០១៣ ក្រសួងមិនគួរណាចំណាយពេលដល់ទៅ៥ឆ្នាំហើយ នៅតែមិនទាន់បានសម្រេចចេញប្លង់រឹងឱ្យនាងខ្ញុំ ហើយប្រសិនបើដីមានបញ្ហា ឬទំនាស់នានា គួរណាធ្វើការជូនដំណឹងនិងដោះស្រាយ មិនគួរអូសបន្លាយពេលយូរបែបនេះនោះទេ។
ពាក្យចចាមរ៉ាមនិយាយថា ដីក្នុងបុរីនេះមានការពាក់ព័ន្ធជាមួយដីរបស់អាជ្ញាធរអប្សរាបានជាមិនព្រមចេញប្លង់រឹងឱ្យ ករណីបើមានបញ្ហានេះកើតឡើងមែននោះ ហេតុអ្វីអាជ្ញាធរមិនព្រមធ្វើការចេញមុខដោះស្រាយជាមួយប្រជាពលរដ្ឋ ហេតុអ្វីសុខចិត្តឱ្យនាងខ្ញុំដែលជាប្រជាពលរដ្ឋស្លូតត្រង់ម្នាក់ដែលរស់នៅក្នុងសង្គម និងប្រជាពលរដ្ឋដ៏ទៃទៀត រស់នៅក្នុងការព្រួយបារម្ភ ចំពោះដីមួយកន្លែងនេះដូច្នោះវិញ? ម្យ៉ាងវិញទៀត ការព្រួយបារម្ភមានកាន់តែខ្លាំងឡើងៗ បន្ទាប់ពីពួកយើងបានដឹងថា ប្លង់រឹងបានចេញឱ្យបុគ្គលមានបុណ្យស័ក្តិ និងមានលុយជាច្រើន ដែលតាមការពិតពួកគេទទួលបានបង្កាន់ដៃដីក្រោយពួកយើងទៅទៀត ចំណែកឯនាងខ្ញុំ និងប្រជាពលរដ្ឋក្នុងបុរីសៀងណាំវិញនៅតែទន្ទឹងរង់ចាំមើលថា តើប្លង់ដីរបស់ខ្លួនពេលណាចេញ ឬបានត្រឹមកាន់បង្កាន់ដៃដីរង់ចាំដោយមិនដឹងពេលណានឹងទទួលបានប្លង់រឹងដូចគេ។
ការដែលក្រសួងមិនព្រមចេញនូវប្លង់ដីជូនប្រជាពលរដ្ឋនេះ គឺស្មើនឹងការទុកឱ្យនាងខ្ញុំនិងប្រជាពលរដ្ឋរស់នៅទាំងភាពងងឹត ពុំស្គាល់ច្បាស់ពីច្បាប់ទម្លាប់របស់សង្គមខ្មែរ ហើយត្រូវទទួលរងនូវការខាតបង់ប្រយោជន៍ ប្រាក់កាស ហើយធ្វើឱ្យប្រជាពលរដ្ឋបាត់ទំនុកចិត្តលើស្ថាប័នរដ្ឋ ជាពិសេសរាជរដ្ឋាភិបាល។មិនត្រឹមតែប៉ុណ្ណោះ ទោះបីជាប្លង់ដីមិនព្រមចេញឱ្យនាងខ្ញុំក៏ពិតមែន ក៏នាងខ្ញុំនិងប្រជាពលរដ្ឋដទៃទៀតបានបង់ពន្ធដីធ្លីជារៀងរាល់ឆ្នាំ ដោយពុំដែលមានការប្រឆាំងឬមិនព្រមបង់ពន្ធដោយចេតនានោះទេ។
ជាការសោកស្តាយ នៅពេលមួយនាងខ្ញុំខកខានក្នុងការបង់ពន្ធមួយឆ្នាំដោយនាងខ្ញុំមានការរវល់ត្រូវទៅបរទេសមិនអាចត្រឡប់មកវិញទាន់ពេលក្នុងការបង់ពន្ធ នាងខ្ញុំត្រូវរងនូវការផាកពិន័យបង់ក្នុងតម្លៃគុណឡើងពីរទៅបីដង។ ក៏ប៉ុន្តែ នាងខ្ញុំសុខចិត្តទទួលរងការផាកពិន័យនេះ ហើយនាងខ្ញុំចង់បង្ហាញថានាងខ្ញុំជាពលរដ្ឋរស់នៅក្នុងសង្គមខ្មែរមួយរូប ត្រូវបំពេញតួនាទីជាពលរដ្ឋឱ្យបានល្អ ដោយត្រូវគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ទោះបីជាប្លង់រឹងមិនទាន់ចេញដល់ដៃនាងខ្ញុំក៏ដោយ។គិតៗទៅ នេះការតបស្នងមកវិញពីសំណាក់អាជ្ញាធររដ្ឋ មកលើប្រជាពលសាមញ្ញមួយរូបដូចនាងខ្ញុំដែលខំធ្វើខ្លួនជាពលរដ្ឋល្អក្នុងសង្គម គោរពច្បាប់នេះ សូម្បីតែប្លង់ដីដែលនាងខ្ញុំរស់នៅ មួយសន្លឹកក៏គ្មានដែរ តើសាកសមដែរឬយ៉ាងណាសូមអស់លោកមន្ត្រីរាជការជួយពិចារណាផង។
តើរដ្ឋបម្រើសេវាឲ្យរាស្ត្របែបនេះឬយ៉ាងណា? ម្ខាងមិនព្រមផ្តល់សេវា ឬផ្តល់សេវាយ៉ាងយឺតយ៉ាវ ចំណែកឯម្ខាងទៀត ចាំតែផាកពិន័យពីរាស្ត្រ។តើសេវាសាធារណៈលឿនរហ័ស មានសម្រាប់តែបុគ្គលដែលមានបុណ្យស័ក្តិ មានលុយ? តើបញ្ហារបស់រាស្ត្រភាគច្រើននៅតែមិនត្រូវបានយកចិត្តទុកដាក់ដោយស្ថាប័នមួយចំនួនជារឿងរហូតឬយ៉ាងណា?តើមន្ត្រីមានសមត្ថកិច្ចទាំងឡាយមានចេតនាស្មោះត្រង់ចង់ដោះស្រាយបញ្ហាលំបាករបស់រាស្ត្រដែរឬយ៉ាងណា? នេះហើយជាចំណុចដែលរាស្ត្រតែងតែថ្នាំងថ្នាក់នឹងរដ្ឋ ថ្នាក់ដឹកនាំកំពូល ឬរាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខ។
បើកាលណាមិនមានប្លង់រឹងទេ នាងខ្ញុំមានការលំបាកជាខ្លាំងក្នុងការទាញយកប្រយោជន៍នានាពីដីនេះដូចជា ការលក់ដូរ ផ្ទេរមរតក ជួលបញ្ចាំ ហ៊ីប៉ូតែក ជាដើម។ ប្រសិនបើនាងខ្ញុំចង់ធ្វើការលក់ដូរ ពិតជាពិបាកខ្លាំងចំពោះដីដែលមិនមានប្លង់រឹង ព្រោះត្រូវប្រឈមមុខនឹងការបន្ទាបតម្លៃខ្លាំងជាងតម្លៃទីផ្សារ ហើយនេះក៏ជា ឱកាសសម្រាប់ជនខិលខូចឆ្លៀតកេងផលចំណេញ ពេលខ្លះដីនោះលក់មិនចេញក៏ថាបាន។ ក្នុងករណីដែលនាងខ្ញុំ ត្រូវការប្រាក់បន្ទាន់ចង់ដាក់បញ្ចាំដី ហ៊ីប៉ូតែកលើដី ដែលគ្មានប្លង់រឹង ច្បាស់ណាស់ថានឹងទទួលបានតម្លៃទាបមួយ។ ចំណុចទាំងអស់នេះពិតជាជះឥទ្ធិលយ៉ាងខ្លាំងលើសេដ្ឋកិច្ចគ្រួសាររបស់នាងខ្ញុំ និងការរកស៊ីទទួលទានរបស់គ្រួសារប្រជាពលរដ្ឋនីមួយៗយ៉ាងខ្លាំង៕