ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នាព្រឹកថ្ងៃទី៣ ខែសីហាក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋ រស់នៅសហគមបុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានផ្តល់ជូនជាការដូជាច្រើនដើម្បីជាការថ្លែងអំណរគុណសម្រាប់ការបោះឆ្នោត រួម មានផ្លូវចំនួន៧ខ្សែ និងប្រព័ន្ធលូមេ ចំនួន៤ខ្សែ តបតាមការសន្យា កាលពីមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កន្លងទៅនេះ ។
លោកអភិបាលឲ្យដឹងថា “នៅក្នុងបុរីសន្តិភាព២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានកសាងសមិទ្ធផលជាច្រើន ដើម្បីបំពេញទៅតាមតម្រូវការក្នុងមូលដ្ឋាន របស់ប្រជាពលរដ្ឋ ដែលពីមុនតំបន់នេះ គ្មានអ្វីទាំងអស់ តែមកដល់ឥឡូវនេះ ប្រជាពលរដ្ឋមានផ្ទះសម្បែង រស់នៅសមរម្យ មានផ្សារ មានប្រព័ន្ធទឹក-ភ្លើងប្រើប្រាស់ មានសេវារថយន្តក្រុង និងសេវាសុខាភិបាលជាដើម” ។
បន្ទាប់ពីសំណេះសំណាល លោកអភិបាល និងមន្ត្រីក្រោមឱវាទ បានបន្តចុះទៅពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋនៅភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ និងបានផ្តល់ផ្លូវបេតុងឆ្អឹងដែកមួយខ្សែ មានប្រវែងជាង១ពាន់ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ ពីភូមិដូនកុក ទៅភូមិបឹងធំ ក្នុងសង្កាត់បឹងធំ និងទៅតំបន់ផ្សេងៗទៀត ដែលតំបន់ទាំងនោះ បានទទួលរងដោយទឹកជំនន់លិចលង់ កាលពីពេលកន្លងទៅនេះ។ រួចពីនោះក្រុមប្រតិភូសាលារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ក៏បានបន្តដំណើរទៅពិនិត្យមើលការសាងសង់រង្វង់មូលតាង៉ុយ ស្ថិតក្នុងសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យផងដែរ៕