ក្រចេះ៖ ខណ្ឌរដ្ឋបាលជលផលក្រចេះ នារសៀសថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៦ បញ្ជូនឃ្លួនជនសង្ស័យ ៣នាក់ ទៅសាលាដំបូងខេត្តក្រចេះ ពាក់ព័ន្ធបទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់ ។
ការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ ខាងលើនេះ គឺត្រូវបានធ្វើឡើងដោយមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលក្រចេះ សហកាជាមួយឆ្មាំទន្លេ ដឹកនាំដោយលោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ ក្រោមការចង្អុលបង្ហាញណែនាំពីលោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផលក្រចេះ ចុះបង្ក្រាប និងធ្វើការឃាត់ខ្លួនបានកាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៦ នាវេលាម៉ោង ២០និង៣០នាទីយប់ ខណៈដែលជនសង្ស័យទាំងនោះកំពុងធ្វើសកម្មភាពនេសាទខុសច្បាប់នៅតាមដងទន្លេមេគង្គ ណៅភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយប្រើឧបករណ៍ឆក់ត្រី ជាប្រភេទឧបករណ៍ឆក់ត្រជាក់ ។
ជនសង្ស័យទី១ មានឈ្មោះ ញឹម សៅ ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ ត្រូវជាឳពុក ទី២ ឈ្មោះ សៅ ឡុង ភេទប្រុស អាយុ ១៣ឆ្នាំ និងទី៣ ឈ្មោះ សៅ បារាំ ភេទប្រុស អាយុ ១១ឆ្នាំត្រូវជាកូន ជនសង្ស័យទាំង៣នាក់ មានទីលំនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ។
ក្នុងកិច្ចការចុះបង្ក្រាបនោះដែរ ខណ្ឌរដ្ឋបាលជលផលក្រចេះ ដកហូតបានវត្ថុតាងមួយចំនួន ដូចជា ទូកអេវ ប្រវែង ៨ម៉ែត្រ ១គ្រឿង ម៉ាស៊ីនកម្លាំង ៥សេស ១គ្រឿង អាកុយ ៥០អំពែ ចំនួន២ អាំវែកទ័រឆក់ត្រី ចំនួន ២គ្រឿង និងដងឆក់ ១គូរ។
នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វលោក បែន ប៊ុណ្ណារ៉ាវុធ បានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ រួមនឹងវត្ថុតាង ក្រោយពេលដែលសមត្ថកិច្ចជំនាញឃាត់ខ្លួនបាន មន្ត្រីជំនាញបាននាំមកកន្លែងដើម្បីធ្វើការសាកសួរឆម្លើយ និងកសាងសំនុំរឿងតាមនីតិវិធីច្បាប់ និងធ្វើការបញ្ជូនខ្លួនជនសង្ស័យទាំង៣រូបនោះ ទៅកាន់ស្ថាប័នអយ្យាការអមសាលាដំបូងខេត្តក្រចេះ នៅវេលាម៉ោង ២រសៀលថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការបន្តតាមច្បាប់ស្ដីពីជលផល៕
ដោយ កិះ ខន