ភ្នំពេញ៖ ថ្នាក់ដឹកនាំរាជធានីភ្នំពេញអញ្ជើញ ដឹកនាំដោយលោក ឃួង ស្រេង និងលោកស្រី លោក ម៉ប់ សារិន និងលោកស្រី ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរដែនដី ទាំង១២ខណ្ឌ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានប្រារព្ធពិធីទទួលអំណរឆ្នាំថ្មី តាមបែបសាសនា យ៉ាងមហោឡារិក នៅរមនីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ វេលាម៉ោង៩ និង១២នាទីព្រឹកថ្ងៃសៅរ៍ទី១៤ ខែមេសា ឆ្នាំ២០១៨នេះ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសចូលរួមប្រារព្ធពិធី ចូលឆ្នាំ និងមហាសង្ក្រាន្ត ទទួលទេវតាឆ្នាំថ្មី នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ បានលើកឡើងថា ក្រោមម្លប់សន្តិភាព ទើបមានកម្មវិធី សប្បាយរីករាយកើតឡើង ទូទាំងប្រទេស ។ “ក្រោមម្លប់សន្តិភាព ទើបមានកម្មវិធី សប្បាយរីករាយកើតឡើង ទូទាំងប្រទេស” ។ លោក ឃួង ស្រេង បានជូនពរ “សូមប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្ត ឲ្យសប្បាយរីករាយ ព្រោះរដ្ឋបាលរាជធានីភ្នំពេញ និងខិតខំការពារ សុខសន្តិភាព ការពារសុវត្ថិភាព សណ្តាប់ធ្នាប់បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញទាំងមូល” ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានដាសតឿនគ្រើនរំលឹក ដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ ដោយត្រួតពិនិត្យឲ្យចាស់លាស់ ជាមួយភ្លើងអគ្គិសនី ជាពិសេសភ្លើងទានធូក និងបិទទឹក មុននឹងចាក់ចេញពីផ្ទះសំបែង ដើម្បីទៅលេងស្រុកកំណើត និងបើកបរប្រកបដោយការ រអធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងផងដែរ ។
គួររំលឹកថា៖ ក្នុងពិធីមហាសង្ក្រាន្តឆ្នាំថ្មីនេះ ដែលថ្នាក់ដឹកនាំ នៃរដ្ឋបាលរាជធានី និងមន្ត្រីគ្រប់ជាន់ថ្នាក់ បានប្រារព្ធពិធីសាសនាតាមទំនៀមទម្លាប់ ប្រពៃណីខ្មែរ ថ្វាយដល់ទស្សបូណ៌មី វត្ថុស័ក្តិសិទ្ធិ និងថ្វាយទេវតា ។ ក្នុងឱកាសនៃពិធីបុណ្យឆ្នាំថ្មីនេះដែរ ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ ក៏បានចូលរួមលែងល្បែងប្រជាប្រិយ ទាញព្រ័ត្រ រាំវង់កម្សាន្តសប្បាយជាមួយប្រជាពលរដ្ឋ និងលោកអភិបាលខណ្ឌទាំង១២ក៏បានចូលរួមលេងល្បែងលោតបាវ និងលេងល្បែងប្រជាប្រិយជាច្រើនមុខទៀតផងដែរ ៕