រាជធានីភ្នំពេញ ៖ តាមរយៈការបញ្ជូនលោក ឡាយ វណ្ណៈ អតីតចៅហ្វាយខេត្តតាកែវ មកកាន់សាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃទី០២ មេសា ពាក់ព័ន្ធនឹងឃាតកម្មលើអ្នកស្រី ចេវ សុវឌ្ឍនា នោះ តុលាការនៅមិនទាន់បានសម្រេចចោទប្រកាន់លោក ឡាយ វណ្ណៈ នៅឡើយទេ។
នៅវេលាម៉ោង១៩ និង១០នាទីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ ព្រះរាជអាជ្ញាមិនទាន់សម្រេចចោទប្រកាន់លោក ឡាយ វណ្ណៈ និងជនសង្ស័យ៥នាក់ទៀតនៅឡើយទេលើករណីឃាតកម្មស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា។ ដោយលោក ឡាយ វណ្ណៈ បញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃវិញ រង់ចាំបន្តការសាកសួរនៅថ្ងៃនេះ។
គួរបញ្ជាក់ថា ឃាតកម្មដែលកំពុងផ្អើលកក្រើកនេះ មនុស្ស៥នាក់បានជាប់សង្ស័យ ហើយលោក ឡាយ វណ្ណៈ ជាជនសង្ស័យទី៦ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅមុខវិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ស្ថិតនៅចំងាយ ប្រមាណ១៥០ម៉ែត្រ ពីកន្លែងប្រារព្ធពិធីផ្ទេរប្រធានបក្សខេត្ត កាលពីរសៀលថ្ងៃទី០១ ខែមេសា៕