រាជធានីភ្នំពេញ ៖ មានករណីបង្កការភ ្ញាក់ផ្អើលមួយបានកើតឡើងកាលពីល្ងាចម្សិលមិញ ខណៈដែលទាហានស័ក្កិ៣ម្នាក់បានចាប់នារីដែលជាសង្សាររបស់ខ្លួនចងដៃ ចងជើង ហើយចាក់សោចោលទុកក្នុងបន្ទប់ ស្ថិតនៅបន្ទប់ជួលលេខ៧ ភូមិជ្រៃកោងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អឹក សំអាង អាយុ៣០ឆ្នាំ មុខបរជាមន្ត្រីពេទ្យទាហានពាក់ស័ក្តិ៣ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅឃុំរាមអណ្តើក ស្រុកគិរីវង្ស ខេត្តតាកែវ។ ចំណែកនារីរងគ្រោះឈ្មោះ ស.យ អាយុ២១ឆ្នាំ មុខរបរក្រុមហ៊ុនមួយ មានស្រុកកំណើត ស្រុកពញឮ ខេត្តកណ្តាល។
ប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថា រូបនាង និងបុរសដែលជាសង្សារមានទំនាក់ទំនងគ្នា ចាប់តាំងពីខែវិច្ឆិកា ២០១៧មក ហើយចាប់ផ្ដើមរស់នៅជាមួយគ្នាក្នុងអំឡុងខែមករា ២០១៨ មកទល់ឥឡូវ។ នារីរងគ្រោះបញ្ជាក់ថា រូបនាងធ្លាប់មានគូដណ្ដឹងម្ដងរួចមកហើយ ហើយបានជ្រុលជ្រួស មានកូនជាមួយគ្នា តែត្រូវយកចេញ។ ក្រោយមកក៏មានបញ្ហាជាមួយគូដណ្ដឹង រួចក៏បែកគ្នាទៅ។ ខណៈដែលបានជួបបុរសក្រោយដែលជាសង្សារខ្លួនបច្ចុប្បន្ននេះ នាងក៏បានរៀបរាប់ពីដំណើរជីវិត ស្នេហារបស់នាងជាមួយគ្នាដណ្ដឹង ហើយក៏បានសួរបុរសជាសង្សារខ្លួននេះថា ជីវិតនាងបែបហ្នឹង តើទទួលបានឬទេ។ចំណែកឯបុរសដែលជាសង្សារខ្លួននេះ មិនមានការអាក់អន់ស្រពន់ចិត្តអីទេ ហើយបានទទួលនាងព្រមរួមរស់ស្មោះស្មគ្រ័គ្នាជាគូសង្សាររហូតដល់បច្ចុប្បន្ន។ លុះមកដល់ថ្ងៃកើតហេតុដោយមានជម្លោះគ្នាដោយសារបុរសដែលជាសង្សារចង់បានកូន តែនាងប្រាប់ថានាងបានចងកូនចេញកាលពីលើកមុន គ្រូពេទ្យប្រាប់ថានាងមិនអាចមានកូនទៀតបានឡើយ ទើបបង្កជាជម្លោះវាយដំគ្នាតិចតួច និងបុរសដែលជាសង្សារបានយកបំពង់ទឹកក្ដៅវាយទៅលើក្បាលនាងផងដែរ។ បន្ទាប់មកបុរសជាសង្សារបានយកក្រមាចង់ដៃនាងទៅក្រោយ និងចងជើង ហើយបុរសនោះបានចេញទៅក្រៅបាត់ទៅ។
សូមបញ្ជាក់ថា នៅខណ្ឌពោធិ៍សែនជ័យ កាលពីប៉ុន្មានថ្ងៃមុននេះ ក៏មានករណីស្ត្រី២នាក់ បានរត់ទៅប្តឹងសមត្ថកិច្ច និងអាជ្ញាធរឲ្យជួយអន្តរាគមន៍ផងដែរ ដោយសារតែប្តីធ្វើបាប និងធ្វើទារុណកម្មលើផ្លូវភេទ និងរូបរាងកាយ តែជនសង្ស័យទាំង២នាក់ ក៏ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះបញ្ជូនទៅតុលាការផងដែរ៕