បាត់ដំបង ៖ កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៣ នៅសាលប្រជុំ សាលាខេត្តបាត់ដំបង មានរៀបចំកម្មវិធីប្រកាសផ្ទេរភារ កិច្ចប្រធានសាខាពន្ធដារក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត និងលោក យស់ ស៊ីម៉ារ៉ាន់ អគ្គនាយក រងនៃអគ្គនាយក ដ្ឋាន ពន្ធដារ ព្រមទាំងមន្ត្រីរាជការចំណុះឱ្យសាលាខេត្តបាត់ដំបងយ៉ាងច្រើនកុះករ ។
ក្នុងសេចក្តីប្រកាសស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេច ផ្ទេរភារកិច្ចលោក ទី សុខុន ប្រធានសាខាពន្ធដារ ខេត្តបាត់ដំបង ទៅធ្វើជាប្រធានសាខាពន្ធដារខណ្ឌចំការមន រាជធានីភ្នំពេញ លោក ជា ពិសិដ្ឋ ប្រធានសាខា ពន្ធដារ ខេត្តកំពត មកធ្វើជាប្រធានសាខាពន្ធដារខេត្តបាត់ដំបងវិញ ។
យោងតាមរបាយការណ៍របស់លោក ទី សុខុន ប្រធានសាខាពន្ធដារខេត្តបាត់ដំបង ដែលត្រូវមកធ្វើជា ប្រធានសាខាពន្ធដារ ខណ្ឌ ចំការមន បានឱ្យដឹងថា សកម្មភាពនៃការងារប្រមូលសារពើពន្ធក្នុងឆ្នាំ២០១៣ ក្នុងនោះ មានការប្រមូលពន្ធអាករគ្រប់ប្រភេទ សម្រេចបានចំនួន ២៤០០០លានរៀល (ពីរម៉ឺនបួនពាន់លានរៀល ស្មើនឹង ១២១ភាគរយ នៃផែនការជាង ២ម៉ឺនលានរៀល គឺលើសពីផែនការជាង ៤០០០លានរៀល )ក្នុងនោះចំណូលពន្ធ សម្រាប់ថវិកាថ្នាក់ជាតិ សម្រេចបានជាង ១ម៉ឺនលានរៀល ស្មើ នឹង ៩២ភាគរយ នៃផែនការជាងម្ភៃពាន់លានរៀល ។ និងចំណូលពន្ធថ្នាក់ក្រោមជាតិសម្រេចបានជាង ១ម៉ឺន ៣ពាន់លានរៀល ស្មើនឹង ១៦៧ ភាគរយ នៃផែនការឆ្នាំ ជាង ៨ពាន់លានរៀល ។
នៅក្នុងឱកាសនោះដែរ លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត និងលោក យស់ ស៊ីម៉ារ៉ាន់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ លទ្ធ ផលដែលបានមកពីការខិតខំប្រឹងប្រែងរបស់មន្ត្រីសាខាពន្ធដារខេត្តបាត់ដំបង លើការ ប្រមូលចំណូលសារ ពើពន្ធមានការកើនឡើង ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។
ការផ្ទេរភារកិច្ចនាពេលនេះ ជាការកែទម្រង់យ៉ាងស៊ីជម្រៅក៏ដូចជា ការផ្តល់បទពិសោធន៍របស់រាជរដ្ឋាភិ បាលក្នុងការជម្រុញ ការប្រ មូលពន្ធឱ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត ៕
គណអធិបតីក្នុងពិធីតែងតាំងប្រធានពន្ធដា
លោក ទី សុខុន