រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចាត់ឲ្យក្រុមការងារចម្រុះមួយបើកការស៊ើបអង្កេតបន្ថែម ទៀត ករណីបង្កហិង្សា និងការផ្ទុះអាវុធ នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលចំថ្ងៃ៨មិនា ឆ្នាំ២០១៨ កន្លងទៅ ។
ព័ត៌មានខាងលើនេះ ត្រូវបានផ្តល់ដោយលោក ផាត សុផានិត ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិក្រសួងមហាផ្ទៃ នៅក្រោយជំនួបពិភាក្សា រវាងសម្ដេចក្រឡាហោម ស ខេង ជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
លោក ផាត សុផានិត បានបញ្ជាក់ថា នៅក្នុងជំនួបខាងលើនេះ លោកស្រី រ៉ូណា ស្មីត បានសួរទៅសម្ដេចក្រឡាហោម ស ខេង ថាតើមានទទួលបានព័ត៌មានបន្ថែមទៀតទេ ពាក់ព័ន្ធករណីផ្ទុះអាវុធនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលបណ្ដាលឲ្យពលរដ្ឋ២នាក់រងរបួស ជុំវិញបញ្ហាដីធ្លី ។ សម្តេចបានប្រាប់ថា សម្ដេចក៏ទទួលបានរបាយការណ៍បឋមមួយចំនួនដែរ ប៉ុន្ដែសម្ដេចបានចាត់ក្រុមការងារពីក្រសួងមហាផ្ទៃ មានទាំងខាងនគរបាល មានទាំងខាងអធិការកិច្ចទៅធ្វើការស្រាវជ្រាវបន្ថែម ទៅលើករណីដែលកើតឡើងនៅក្រចេះនេះ ហើយមកដល់ពេលនេះ សម្ដេចក៏មិនទាន់បានទទួល របាយការណ៍ពីក្រុមការងារដែលបញ្ជូនទៅនេះដែរ ហើយបើទទួលបានយ៉ាងណានោះសម្ដេចនឹងធ្វើការបន្ដទៀត ៕