ខេត្តតាកែវ ៖ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តតាកែវសហការគ្នាជាមួយអជ្ញាធរស្រុកទ្រាំងកាលពីរសៀលម្សិលមិញបានចុះឆ្មក់ចាប់បានត្រីប្រហុកដែលនាំចូលពីប្រទេសជិតខាង យកមកែច្នៃនៅឃុំអង្គាញ់ ស្រុកទ្រាំង ខេត្តតាកែវ ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បានជិត១តោន។
ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ លោក ប៉ោង លាងគង់ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ក្រុមការងារមន្ត្រីជំនាញ បានសុំសហការណ៍ជាមួយ និងអាជ្ញាធរស្រុកទ្រាំង ធ្វើការចុះពិនិត្យលើទីតាំងកែច្នៃត្រីប្រហុកខាងលើ ដោយក្នុងពេលពិនិត្យត្រីប្រហុក ដែលពួកគាត់កំពុងកាប់ជញ្ជ្រាំមនោះគឺសុទ្ធតែមានផ្ទុកនៅសារធាតុហ្វូកមុលលីនទាំងអស់។ ក្នុងនោះមន្ត្រីជំនាញយើងបានឃាត់និងយកមករក្សាទុកបានចំនួន៨៤០គីឡូក្រាម និងចាត់ការតាមនីតិវិធី។
លោកបញ្ជាក់ថា សារធាតុគីមីហាមឃាត់ដែលមានផ្ទុកក្នុងប្រហុកគឺជាសារធាតុគីមី ហ្វូកមុលលីន ដែលជាថ្នាំម្យ៉ាងសម្រាប់ប្រើលើសាកសពមិនឲ្យមានសភាពស្អុយរលួយនោះដាក់លក់ នៅលើទីតាំងចាស់ដែលធ្លាប់ចាប់ម្តងរួចមកហើយ ឋិតនៅភូមិឃុំខាងលើ៕