រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន បានថ្លែងជាសារផ្តាំផ្ញើរទៅ ក្រុមបក្សប្រឆាំងដែលត្រៀមប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេចនៅប្រទេសអូស្ត្រាលី នាពេលខាងមុខថា « អ្នកឯងធ្វើអីធ្វើទៅ…….តែកុំភ្លេចថា សម្តេចក៏មានអ្នកគាំទ្រនៅក្រៅប្រទេសផងដែរ ។ សម្តេចបន្តថា អ្នកដែលត្រៀមធ្វើបាតុកម្មប្រឆាំងសម្តេចនោះមានចំនួនប្រមាណជា ១០%ប៉ុណ្ណោះ បើប្រៀបធៀបអ្នកគាំទ្រសម្តេច និងមកស្វាគមន៍ទទួលសម្តេច ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ធ្វើបាតុកម្មក៏ធ្វើទៅ ព្រោះជាសិទ្ធិរបស់អ្នកឯង…ប៉ុន្តែសុំ ផ្តាំថា កុំដុតរូបទីងមោងតំណាងឲ្យសម្តេចឲ្យសោះ…….ហើយបើហ៊ានដុតនឹងតាមវ៉ៃដល់ផ្ទះ ព្រោះ ខ្ញុំក៏មានសិទ្ធិដែរ ។
សម្តេចក៏បានថ្លែងឲ្យដឹងដែរថា ទាំងអាស៊ាន ទាំងអូស្ត្រាលី គេគ្មានសិទ្ធិអីមកដាក់ទណ្ឌ កម្មលើរាជដ្ឋាភិបាលកម្ពុជាទេ ។ ចំណែកឯកិច្ចប្រជុំនៅខែក្រោយ ដែលអូស្ត្រាលីធ្វើជាម្ចាស់ផ្ទះនោះ គឺប្រទេស អូស្ត្រាលីគេភ័យខ្លាចតែសម្តេចមិនអញ្ជើញទៅទេ ព្រោះបើខ្វះវត្តមានសម្តេចនោះ សេចក្តីថ្លែងការណ៍ នៃកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី មិនអាចចេញរួចនោះឡើយ ដោយសារតែគេប្រើរូបមន្តកុងសុងស៊ូស ។
ការថ្លែងរបស់សម្តេចដូច្នេះ បន្ទាប់ពីក្រុមលោក សម រង្ស៊ី និងលោក ហុង លឹម គ្រោង ប្រមូលផ្តុំអ្នកគាំទ្រធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេច ហ៊ុន សែន ដែលគ្រោងអញ្ជើញទៅចូលរួម កិច្ចប្រជុំអាស៊ាន-អូស្ត្រាលីនាខែក្រោយ ៕