ខេត្តកំពត ៖ សម្ដេច ហ៊ុន សែន បានថ្លែងនៅព្រឹកមិញនេះថា អ្នកមានបំណងជំនួសតំណែងសម្តេចកុំថ្នាំងថ្នាក់ឲ្យសោះ ព្រោះអ្នកនោះមិនទាន់មានលទ្ធភាពគ្រប់គ្រងស្ថានការណ៍របស់ប្រទេសនេះឡើយ ។ សម្តេចថា អ្នកនោះសូម្បីដឹកនាំបានតែកូនបក្ស ឬសមាគមតូចមួយក៏មិនកើតផង ។
គេចេះត្រឹមតែបញ្ឆេះសង្គ្រាម ចេះត្រឹមតែជេរ និងចេះត្រឹមតែបញ្ចោប៉ុណ្ណោះ ។ ចំណែកហើយសមត្ថភាពដឹកនាំប្រទេស គឺគ្មានទាល់តែសោះ។
សម្តេចថែមទាំងបញ្ជាក់ថា សម្តេចមានបទពិសោធន៍ដឹកនាំប្រទេសជិត៤០ឆ្នាំមកហើយ ទោះបីដឹកនាំ១០ឆ្នាំបន្ដទៀត ក៏មិនទាន់ហួសពេលដែរ។
សម្ដេច ហ៊ុន សែន ថ្លែងដូច្នេះ នៅក្នុងពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនៅខេត្តកំពត កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៨នេះ ក្នុងទឹកប្រាក់វិនិយោគជាមួយទឹកប្រាក់រហូតដល់ ២៦២លានដុល្លារ របស់ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC) ។
យ៉ាងណាក៏ដោយ សម្តេចថ្លែងបញ្ជាក់ថា ដើម្បីផ្ដល់ឱកាសឲ្យសម្ដេចបន្ដដឹកនាំនាវាកម្ពុជាឲ្យកាន់តែរីកចម្រើន និងអភិវឌ្ឍន៍ទៀតនោះ សម្ដេចសង្ឃឹមថា ប្រជាពលរដ្ឋនៅទូទាំងប្រទេស នឹងបន្ដបោះឆ្នោតជូនសម្ដេចជារៀងរហូត៕