មណ្ឌលគីរី ៖ ព្រានព្រៃពីរនាក់ត្រូវបានសមត្ថកិច្ចស្រុកកោះញែក ឃាត់ខ្លួនក្រោយពួកគេបានប្រើប្រាស់អាវុធខុសច្បាប់ ដើម្បីបបាញ់សត្វព្រៃនៅចំនុចអូរកល់ UTM លេខ០៧៤៧៥៩៩-១៤១៩១៩២ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែសង្គម ស្រុកកោះញែក ។ ប្រតិបត្តិការបង្ក្រាបអ្នកប្រើប្រាស់អាវុធខុសច្បាប់នេះ បានធ្វើឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃទី១៦ មករា ២០១៦។
នគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ៅ អេន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ នឹងម្នាក់ទៀតមានឈ្មោះម៉ាណ វ៉ាន់ទីន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម អ្នកទាំងពីររស់នៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា។សមត្ថកិច្ចបានបន្តថា វត្ថុតាងដែលរឹបអូសបានរួមមាន ម៉ូតូ២គ្រឿង អាវុធអាកាស្វាយបត់ចំហៀង១ដើម បង់១ គ្រាប់១៣គ្រាប់។
បើតាមសមត្ថកិច្ចដែលចុះប្រតិបត្តិការបាននិយាយថា នៅពេលឃើញជនសង្ស័យទាំងពីរនាក់ធ្វើដំណើរដោយម៉ូតូម្នាក់មួយគ្រឿង តាមផ្លូវបម្រុងចូលព្រៃ ក៏មានការសង្ស័យនឹងបានឃាត់សួរនាំ ក៏ប្រទះឃើញជនសង្ស័យលាក់កាំភ្លើងនៅក្នុងប៉ាវស្រូវ ដឹកពីក្រោយក៏ធ្វើការចាប់ឃាត់ខ្លួនភ្លាមៗ និងបញ្ជូនមកសាកសួរនៅអធិការនគរបាលស្រុក ។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាង កំពុងសាកសួរបន្តនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីវែកមុខរកអ្នកផ្តល់កាំភ្លើងដល់ជនសង្ស័យទាំងពីរ នឹងរៀបចំសំនុំរឿងទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។
ប្រភពក្រៅផ្លូវការបាននិយាយថា កាំភ្លើះដែលជនសង្ស័យយកទៅបាញ់សត្វនោះ គឺមានមន្ត្រីអាវុធម្នាក់នៅដែលយាមនៅចម្ការម្រេចក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ជាអ្នកឲ្យខ្ចីយកទៅបាញ់សត្វ ចែកគ្នា។ ដោយឡែក លោក ព្រំ សាវ៉េន មេបញ្ជាការអាវុធហត្ថស្រុកពេជ្រាដា ដំណឹងភ្នំពេញ បានសុំការបំភ្លឺតាមទូរស័ព្ទ តែទូរសព្ទចូលហើយគ្មានអ្នកឆ្លើយតប ៕
ដោយ ៖ ហ៊ិន សុគន់