ខេត្តត្បូងឃ្មុំ ៖ កម្ពុជា-វៀតណាម បានបើកការដ្ឋានផ្សារគំរូព្រំដែន លើកដំបូងដែលមានឈ្មោះថា «ផ្សារដារ» ស្ថិតនៅក្នុងស្រុក មេមត់ ជាប់ព្រំដែនខេត្តត្បូងឃ្មុំ របស់កម្ពុជា និងខេត្តតៃនិញ របស់វៀតណាម ។ ពិធីបើកការដ្ឋាននោះធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះស្ថិតក្រោមវត្តមាន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក វ៉ូ ហ្គុងមិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា។
លោក ប៉ាន សូរស័ក្តិ បានថ្លែងថា ផ្សារគំរូនេះនឹងជួយបង្កើនទំហំពាណិជ្ជ កម្មតាមព្រំដែន និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា-វៀតណាម ។
លោកថា ការបង្កើតផ្សារគំរូនេះ គឺជាការចាប់ផ្តើមទំព័រសករាជថ្មីមួយទៀត នៃការពង្រឹងកិច្ចសហការ និងសម្រួលពាណិជ្ជកម្មនៅតាមព្រំដែននៃប្រទេសទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល និងជិតប្រជាពលរដ្ឋ ជាពិសេសឈានទៅសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្មចំនួន ៥,០០០លានដុល្លារ តាមផែនការមេដែលបានគ្រោងទុកក្នុងពេលអនាគត ៕