កំពង់ធំ ៖ គុកខេត្តកំពង់ធំ ត្រូវបានគេរាយករណ៍ថា មានការប្រព្រឹត្តបទល្មើសរំលោភផ្លូវភេទការ ប្រើប្រាស់អំពើហិង្សាលើអ្នកទោស និងប្រព្រឹត្តអំពើពុករលួយជាដើម ។ អតីតអ្នកជាប់ពន្ធនាគារនៅខេត្តកំពង់ធំ ស្នើឱ្យរាជរដ្ឋាភិបាល ពិសេសមន្ត្រីពាក់ព័ន្ធគប្បីត្រួតពិនិត្យពន្ធនាគារខេត្តនេះឱ្យបានត្រឹមត្រូវ ជៀសវាងធ្វើឱ្យអ្នកជាប់ឃុំត្រូវរស់នៅក្នុងស្ថានភាពវេទនា
បន្តទៀត។ជនដែលរងការចោទពីទង្វើខាងលើគឺអនុប្រធានការិយាល័យពន្ធនាគារខេត្តកំពង់ធំ លោក ភិន សំអុល។
អតីតអ្នកជាប់ឃុំពន្ធនាគារខេត្តកំពង់ធំ ស្នើមិនបញ្ចេញអត្តសញ្ញាណម្នាក់ រៀបរាប់ប្រាប់កាសែតថា៖ មានអ្នកជាប់ឃុំបុរសជាច្រើននាក់ត្រូវអនុប្រធានពន្ធនាគាររំលោភ និងមានជាច្រើននាក់ទៀតត្រូវបានគេប្រើអំពើហិង្សា រហូតធ្វើឱ្យមានអ្នកជាប់ឃុំខ្លះបាត់បង់សតិ ឬត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យទៀតផង។
ក្រៅពីនេះ មានករណីប្រព្រឹត្តអំពើពុករលួយ ដូចជាយកប្រាក់ពីអ្នកជាប់ឃុំជាថ្នូរបានចេញមកក្រៅបន្ទប់ ឬចេញធ្វើការងារនៅខាងក្រៅ ឬក៏ត្រូវប្តូរចេញទៅពន្ធនាគារផ្សេង។ ជាងនេះទៀត ម្ហូបចំណីដែលលក់នៅក្នុងពន្ធនាគារខេត្តកំពង់ធំ គឺលោក ភិន សំអុល ជាអ្នកលក់ផ្ទាល់ ដោយលក់ក្នុងតម្លៃមួយខ្ពស់ ហើយតែងតែមិនពេញចិត្តប្រសិនបើក្រុមគ្រួសារអ្នកជាប់ឃុំទិញទំនិញ ឬអាហារពីខាងក្រៅចូលទៅ។
ជាក់ស្ដែងស្ពៃចង្កឹះមួយគីឡូក្រាមតម្លៃ ១២.០០០រៀល ស្ពៃក្ដោប ៨.០០០រៀល ក្រូចឆ្មា ១៦.០០០រៀល ត្រីរៀល តម្លៃ ២៥.០០០រៀល ក្នុងមួយគីឡូក្រាម និងសាច់ជ្រូកមួយគីឡូក្រាម ២៥.០០០រៀលជាដើម៖ «ពិតជាមានផលប៉ះពាល់ខ្លះណាស់បាទ! ទីមួយប៉ះពាល់ផ្នែកសតិអារម្មណ៍ ធ្វើឱ្យពួកគាត់ទទួលអារម្មណ៍ថា ពួកគាត់រស់ក្រោមថ្នាក់នរកទៅទៀត»។
ប្រភពដដែលនិយាយថា បញ្ហានេះ មិនមែនទើបតែកើតមានឡើងទេ រហូតមានអ្នកជាប់ឃុំខ្លះសម្រេចបញ្ជូនលិខិតសម្ងាត់ប្ដឹងអនុប្រធានពន្ធនាគាររូបនោះទៀតផង កាលពីឆ្នាំ២០១៥ ប៉ុន្តែមិនអាចធ្វើអ្វីគេបានឡើយ។ ចុងក្រោយ អ្នកជាប់ឃុំដែលបានទម្លាយរឿងអាស្រូវផ្លូវភេទ និងការប្រើហិង្សារបស់លោក ភិន សំអុល ត្រូវបានគេផ្លាស់ប្ដូរចេញទៅពន្ធនាគារផ្សេងវិញ។
ឆ្លើយតបការចោទប្រកាន់នេះ អនុប្រធានការិយាល័យពន្ធនាគារខេត្តកំពង់ធំ លោក ភិន សំអុល មានប្រសាសន៍នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ថា ការចោទប្រកាន់ទាំងឡាយ គឺមិនពិតទេ ប៉ុន្តែលោកយល់ថា គឺជាការបង្ខូចកិត្តិយសរបស់លោកច្រើនជាង។ យ៉ាងនេះក្តី លោកទទួលស្គាល់ថា មានការប្រើអំពើហិង្សាលើរាងកាយអ្នកទោស ឬដោយពាក្យសម្ដីខ្លះមែន ប៉ុន្តែក្នុងរូបភាពអប់រំពួកគេតែប៉ុណ្ណោះ។ ក្រៅពីនេះ លោកបានលក់ដូរទំនិញ ឬចំណីអាហារនៅក្នុងពន្ធនាគារប្រមាណ ៥ខែមកហើយ។ ចំណែកតម្លៃគឺអាចលើសពីទីផ្សារបន្តិចបន្តួច និងមិនបានបង្ខំអ្នកទោស ឬអ្នកជាប់ឃុំឱ្យទិញរបស់លោកទាំងស្រុងនោះទេ។
ករណីនេះលោក នុត សវនា អ្នកនាំពាក្យនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបាននិយាយ ថាៈ លោកមានការសោកស្ដាយនៅពេលមានការចោទប្រកាន់បែបនេះ ប៉ុន្តែលោកលើកទឹកចិត្តឱ្យសាមីខ្លួនដាក់ពាក្យបណ្ដឹងទៅអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ តែម្ដង ដើម្បីងាយស្រួលស៊ើបអង្កេតជៀសវាងគ្រាន់តែជាពាក្យចចាមអារ៉ាមនោះ។ «យើងអត់ទាន់នេះទេ បើថា អត់ទាន់មានពាក្យបណ្ដឹងផ្លូវការ គ្រាន់តែជាការចោទប្រកាន់តាមមាត់តាមអីហ្នឹង ពិបាកដែរណា!»។
ចំណែកលោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការលីកាដូ (Licadho) មានមតិ ថា បញ្ហានេះកន្លងមកអ្នកទោសតែងតែលើកឡើងជារឿយៗ ហើយក៏មិនមែនចំពោះតែពន្ធនាគារខេត្តកំពង់ធំ នោះដែរ។ លោកបញ្ជាក់ថា ដើម្បីជៀសវាងការចោទប្រកាន់ណាមួយ មន្ត្រីពាក់ព័ន្ធត្រូវស៊ើបអង្កេតឱ្យបានច្បាស់លាស់ និងមានតម្លាភាព ពីព្រោះករណីនេះគឺពាក់ព័ន្ធការគ្រប់គ្រងពន្ធនាគារទាំងមូល៖ «អំពើពុករលួយដូចជាការផ្លាស់ប្ដូរបន្ទប់ ការលក់ទំនិញនៅក្នុងវាថ្លៃ ហួសកម្រិត ហើយនិងការធ្វើទុក្ខបុកម្នេញ ជាពិសេសអំពើហិង្សាវាមិនមែនតែលើផ្លូវកាយទេ ប៉ុន្តែសូម្បីតែការប្រើប្រាស់កាយវិការ និងសម្ដីអាក្រក់ក៏ជាហិង្សាមួយដែរ»។
សូមបញ្ជាក់ដែរថា ៖ពន្ធនាគារខេត្តកំពង់ធំ បច្ចុប្បន្នមានអ្នកជាប់ឃុំចំនួនជិត ៦០០នាក់ ក្នុងនោះស្រីចំនួនជាង ៣០នាក់។ ៕